(អ៉ីស្តង់ប៊ុល)៖ ប្រទេសតួកគីបានចាប់ផ្តើមនាំចេញស៊ុតប្រហែល ១៥ ០០០តោនទៅកាន់សហរដ្ឋអាមេរិក ខណៈដែលការផ្ទុះជំងឺគ្រុនផ្តាសាយបក្សីកំពុងកាត់បន្ថយផលិតកម្មរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យតម្លៃកើនឡើងខ្ពស់ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការស្លាប់មេមាន់រាប់លានក្បាលបានធ្វើឱ្យប៉ះពាល់ដល់ការសន្យារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយតម្លៃការចំណាយប្រចាំថ្ងៃដោយសារហាងលក់គ្រឿងទេសនិងភោជនីយដ្ឋានដំឡើងថ្លៃអាហារពាក់ព័ន្ធនឹងស៊ុត។
លោក Ibrahim Afyon ប្រធានសហជីពអ្នកផលិតស៊ុតនៃប្រទេសតួកគីបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការនាំចេញស៊ុតទៅកាន់សហរដ្ឋអាមេរិកពីប្រទេសតួកគីបានចាប់ផ្តើមក្នុងខែនេះ ហើយនឹងបន្តធ្វើរហូតដល់ខែកក្កដា។
លោក Afyon បានមានប្រសាសន៍ថា៖ «ការនាំចេញនឹងធ្វើឡើងតាមរយៈក្រុមហ៊ុនជាសមាជិករបស់យើងដោយត្រូវមានការអនុញ្ញាត ខណៈដែលក្រុមហ៊ុនចំនួនពីរនឹងសម្របសម្រួលដំណើរការ»។
លោកបានបន្ថែមថា៖ «ស៊ុតសរុបចំនួន ១៥ ០០០តោន ឬស្មើនឹង ៧០០កុងតឺណ័រនឹងត្រូវបាននាំចេញ»។
សហរដ្ឋអាមេរិកបាននិងកំពុងធ្វើការទប់ស្កាត់ជំងឺគ្រុនផ្តាសាយបក្សីដែលត្រូវបានរកឃើញជាលើកដំបូងទៅលើគោទឹកដោះនៅរដ្ឋតិចសាស់កាលពីខែមីនាឆ្នាំមុន ហើយចាប់តាំងពីពេលនោះមកបានរីករាលដាលដល់ហ្វូងសត្វជាង ៩៧០ក្បាលនៅក្នុងរដ្ឋចំនួន១៧។ មេរោគនេះបានឆ្លងដល់មនុស្សជិត ៧០នាក់ចាប់តាំងពីខែមេសា ដែលភាគច្រើនជាកម្មករនៅកសិដ្ឋានដែលប៉ះពាល់សត្វបក្សីឬគោ។ មនុស្សម្នាក់បានស្លាប់ដោយសារបានឆ្លងមេរោគនេះ៕