(កំពង់ចាម)៖ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បន្ទាប់ពីការចុះពិនិត្យការប្រមូលទិញគ្រាប់ស្វាយចន្ទីរបស់ឃ្លាំង៩៩៩ រួចមក លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី បានឆ្លៀតពេលចុះត្រួតពិនិត្យការអនុវត្តហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ និងពិនិត្យខ្សែច្រវាក់ផលិតកម្មកិនស្រូវ។
ក្នុងឱកាសនោះលោកបណ្ឌិត ចុះពិនិត្យសន្និធិស្រូវ-អង្ករ នៅរោងម៉ាស៊ីន កិនស្រូវចំនួនពីរផងដែរ ដែលស្ថិតនៅក្នុង ស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមមាន ៖ ទី១.រោងម៉ាស៊ីនកិនស្រូវ យូ ឃីម និង ទី២.រោងម៉ាស៊ីនកិនស្រូវ សេក មាស។
លោកបណ្ឌិត កៅ ថាច បន្តលើកទឹកចិត្តឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ បន្តជួយទិញស្រូវ ពីបងប្អូនប្រជាកសិករឱ្យអស់ពីលទ្ធភាព និងតាមតម្លៃទីផ្សារ និង ចូលរួមធានាតម្លៃស្រូវ និងស្ថិរភាពទីផ្សារស្រូវជូនដល់បងប្អូនប្រជាកសិករផងដែរ ៕