(ភ្នំពេញ)៖ លោក ហួត រ៉ាដេត អគ្គនាយកក្រុមហ៊ុន សាច់ជ្រូកជាតិ បានលើកឡើងថា ជាការពិតប្រជាជនខ្មែរគាំទ្រសាច់ជ្រូកខ្មែរណាស់ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគាត់អាចនឹងទិញសាច់ជ្រូកនាំចូល ដោយសារតែពួកគាត់មិនមានចំណេះជំនាញមើលដឹង ស្គាល់ ឬបែងចែករវាងមួយណាជាសាច់ក្នុងស្រុក និងសាច់នាំចូល ដូច្នេះទាមទារឱ្យមានការបញ្ជាក់ពីមន្រ្តីជំនាញ។
ការលើកឡើងរបស់លោក ហួត រ៉ាដេត ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ឱកាសនៃការធ្វើអាជីវកម្ម ចិញ្ចឹមជ្រូកនៅកម្ពុជា»។
លោក ហួត រ៉ាដេត បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះមិនមានការនាំចូលជ្រូកពីក្រៅប្រទេសមកឡើយ ដោយសារតែកម្ពុជាមានការផ្គត់ផ្គង់គ្រប់គ្រាន់ ដោយមិនចាំបាច់តម្រូវឲ្យមានការនាំចូលនោះទេ ប៉ុន្ដែក្នុងនោះក៏មានការលំបាក ក្នុងការនាំចូលសាច់បង្កងពីក្រៅប្រទេស ដែលនាំចូលមកដោយខុសច្បាប់។
លោកបន្ថែមថា ដើម្បីទប់ស្កាត់ក្នុងការនាំចូលសាចបង្កក ពីក្រៅប្រទេសយើងមានវិធីមួយចំនួនដូចជាការ បញ្ជាក់ពីមន្រ្ដីជំនាញថា ជាសាច់ជ្រូកក្នុងស្រុក ដូច្នេះពេលដាក់លក់លើទីផ្សារ យើងមានស្លាកសញ្ញាប្រាប់ច្បាស់ៗថាជាសាច់ជ្រូកក្នុងស្រុក នោះអ្នកទិញនឹងមានសិទ្ធិជ្រើសរើសថា គួរទិញសាច់ជ្រូកនាំចូល ឬសាច់ជ្រូកក្នុងស្រុក។
លោកបន្ថែមថា ដូចគ្នាចំពោះការនាំចូលសាច់ជ្រូកនេះ គឺយើងមិនហាមឃាត់មិនឲ្យប្រទេសដទៃនាំចូលកម្ពុជានោះទេ ព្រោះនេះជាការនាំចូលដោយស្របច្បាប់។
លោក ហួត រ៉ាដេត បានបញ្ជាក់ថា «ខ្ញុំជឿជាក់ថា មិនមែនតែសាច់ជ្រូកទេ សាច់អ្វីក៏ដោយ ឲ្យតែជារបស់ខ្មែរបងប្អូនប្រជាពលរដ្ឋយើង គឺគាំទ្រណាស់ ប៉ុន្ដែអ្វីដែលជាផលលំបាករបស់ពួកគាត់ គឺពួកគាត់មិនចេះបែងចែកនោះទេថា មួយណារបស់ខ្មែរ មួយណារបស់នាំចូល»៕
សូមស្តាប់ការលើកឡើងរបស់លោក ហួត រ៉ាដេត៖