(​ភ្នំពេញ)៖ លោក ហួត រ៉ាដេត អគ្គនាយកក្រុមហ៊ុនសាច់ជ្រូកជាតិ ​បានលើកឡើងថា បច្ចុប្បន្ននេះ អ្នកចិញ្ចឹមជ្រូកក្នុងស្រុកមានសមត្ថភាពផ្គង់ផ្គត់សាច់ជ្រូក នៅទូទាំងប្រទេស១០០% ដែល​ជាប្រភេទសាច់ជ្រូក​មានគុណភាព និងតម្លៃសមរម្យ ដែលប្រជាជនអាចទទួលបាន ហេតុនេះហើយសម្រាប់ទំនិញសាច់ជ្រូក កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងជាមួយរបស់នាំចូល ទាំងគុណភាព និងតម្លៃ។

លោកលើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ឱកាសនៃការធ្វើអាជីវកម្ម ចិញ្ចឹមជ្រូកនៅកម្ពុជា»។ ​

លោកបានលើកឡើងថា ក្នុងនាមជាអ្នកផលិតនិងផ្គត់ផ្គត់សាច់ជ្រូកក្នុងស្រុក លោកចង់ឱ្យប្រជាពលរដ្ឋខ្មែរគាំទ្រផលិតផលក្នុងស្រុក ខណៈបច្ចុប្បន្ននេះសាច់ជ្រូកដែលផលិតក្នុងស្រុក គឺមានគុណភាពល្អ ដែលលោកធានា​ថា ​ចំពោះទំនិញសាច់ជ្រូក​គឺសហគ្រាសក្នុងស្រុក​​អាចប្រកួតប្រជែងជាមួយរបស់នាំចូល ទាំងគុណភាព និងតម្លៃ។

លោកចង់ឱ្យរដ្ឋាភិបាលជួយបំផុសចលនា​ឱ្យប្រជាជនគាំទ្រផលិតផលក្នុងស្រុកបន្ថែមទៀត​ ជាពិសេសក្រុមហ៊ុនឯកជនដែលមានតម្រូវការសាច់ជ្រូក​ សូមជ្រើសរើសយក សាច់ដែលផលិតដោយសហគ្រាសក្នុងស្រុក។

លោកបានលើកឡើងផងដែរថា ស្របពេលដែលបច្ចុប្បន្ននេះ ការផលិតនៅក្នុងស្រុក​គ្រប់គ្រាន់ ក្រុមហ៊ុនក្នុងស្រុកខ្លះក៏មានផែនការ ក្នុងការនាំចេញសាច់ទីផ្សារក្នុងតំបន់អាស៊ីនៅពេលអនាគតផងដែរ ប្រសិនបើថ្លៃដើមនៃការផលិតនៅកម្ពុជាទាប អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់លោក ហួត រ៉ាដេត ៖