(ហូជីមិញ)៖ ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកកំណើនគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ ដែលត្រូវបានជំរុញដោយក្របខ័ណ្ឌច្បាប់ថ្មីៗ ការកើនឡើងការវិនិយោគផ្ទាល់ពីបរទេស (FDI) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសវិនិយោគល្អ។ នេះបើយោងតាមកាសែត Vietnam News។
កាសែត Vietnam News បានរាយការណ៍ថា ក្រុមអ្នកជំនាញជឿថា កត្តាទាំងនេះនឹងបង្កើត «ទិដ្ឋភាពកាន់តែទាក់ទាញ» សម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។
ចក្ខុវិស័យប្រកបដោយភាពសុទិដ្ឋិនិយមនេះកើតមានឡើង បន្ទាប់ពីមានការដាក់ចេញកំណែទម្រង់ជាច្រើន ក្នុងគោលបំណងសម្រួលប្រតិបត្តិការអចលនទ្រព្យ និងបង្កើនតម្លាភាពក្នុងវិស័យនេះ។
ក្របខណ្ឌច្បាប់ថ្មីដែលបានអនុម័តកាលពីដើមឆ្នាំនេះជួយដោះស្រាយបញ្ហាដែលកើតមានជាយូរមកហើយទាក់ទងនឹងសិទ្ធិប្រើប្រាស់ដីធ្លី និងបទប្បញ្ញត្តិកម្មសិទ្ធិដែលបានរារាំងដល់ការវិនិយោគ។ ក្របខណ្ឌច្បាប់នេះអនុញ្ញាតឱ្យមានភាពច្បាស់លាស់ និងសុវត្ថិភាពកាន់តែច្រើនសម្រាប់វិនិយោគិន និងជំរុញទំនុកចិត្តទីផ្សារ។
ការវិវឌ្ឍថ្មីៗបានផ្តល់ឱ្យទីផ្សារនូវសមាសធាតុគាំទ្រនានាដូចជាកំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ប្រកបដោយប្រសិទ្ធភាព ផែនការយុទ្ធសាស្រ្ត និងតម្រូវការការផ្គត់ផ្គង់ប្រកបដោយភាពអំណោយផល។
ក្នុងចំណោមសមាសធាតុទាំងនេះ ក្របខ័ណ្ឌច្បាប់មានសារៈសំខាន់ ជាពិសេសដោយសារវាជួយដោះស្រាយជាបណ្តើរៗ នូវបញ្ហាប្រឈមផ្នែកបទប្បញ្ញត្តិ ដែលកើតមានជាយូរមកហើយ។ ច្បាប់ថ្មីមួយចំនួនទាក់ទងនឹងទីផ្សារអចលនទ្រព្យ ត្រូវបានកំណត់ឱ្យចូលជាធរមាន ដែលអមដោយក្រឹត្យ និងគោលនយោបាយផ្សេងៗដែលត្រូវបានអនុវត្តរួចហើយ។
ច្បាប់សំខាន់ៗចំនួនបីដែលមានគោលបំណងសម្រួល និងធ្វើទំនើបកម្មវិស័យអចលនទ្រព្យ ដូចជាច្បាប់ភូមិបាលឆ្នាំ២០២៤ ច្បាប់លំនៅឋាន និងច្បាប់អាជីវកម្មអចលនទ្រព្យឆ្នាំ២០២៣ បានចូលជាធរមានហើយចាប់តាំងពីខែសីហាឆ្នាំមុន ដែលជួយជំរុញវិស័យនេះ។
ច្បាប់ថ្មីទាំងនេះមានបំណងធ្វើឱ្យទីផ្សារមានស្ថិរភាព និងកាត់បន្ថយបញ្ហានានាដូចជាការកើនឡើងតម្លៃហួសហែតដែលឈានទៅរកវិបត្តិ ការទិញលក់បែបកេញចំណេញថ្លៃជាដើម។ លោក Cấn Văn Lực អ្នកជំនាញផ្នែកសេដ្ឋកិច្ចល្បីឈ្មោះមួយរួបបានប្រាប់កាសែត Vietnam News ថា៖ «ទីផ្សារបានឆ្លងកាត់រយៈពេលដ៏លំបាកបំផុតរួចហើយ»។
លោក Võ Hồng Thắng អគ្គនាយករងនៃក្រុមហ៊ុន DKRA Group មានប្រសាសន៍ថា៖ «យើងនឹងចាប់ផ្តើមសង្កេតមើលផលជះ ពិតប្រាកដនៃច្បាប់ទាំងនេះនៅឆ្នាំ២០២៥»។
បើយោងតាមកាសែត Vietnam News ក្រុមអ្នកជំនាញផ្សេងទៀតបានឱ្យដឹងថា កត្តាសំខាន់ដែលរួមចំណែកដល់កំណើន ដែលរំពឹងទុកក្នុងវិស័យនេះ គឺការកើនឡើងការវិនិយោគផ្ទាល់ពីបរទេស (FDI)។
ប្រទេសវៀតណាមបានមើលឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំមុន វិស័យអចលនទ្រព្យបានទាក់ទាញទឹកប្រាក់វិនិយោគ FDIដែលបានចុះបញ្ជីចំនួន ៦,៣ពាន់លានដុល្លារ។ ចំនួននេះស្មើនឹង ១៦,៥ភាគរយនៃមូលធនវិនិយោគសរុប និងស្មើនឹងកំណើនជាង ៣៥ភាគរយធៀបនឹងឆ្នាំ ២០២៣។
លំហូរចូលរួមមានមូលធនថ្មីមានជាង ៣,៧ពាន់លានដុល្លារ ដែលភាគច្រើនមកពីវិនិយោគិនសិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕