(វ៉ាស៊ីនតោន)៖ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) កំពុងពិចារណារួមគ្នាអំពីការរឹតបន្តឹង ឬកែសម្រួលកម្រិតតម្លៃប្រេងឆៅរបស់រុស្ស៊ីក្នុងកិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូ ខណៈដែលសង្រ្គាមនៅប្រទេសអ៊ុយក្រែននៅតែបន្ត។

សេចក្តីថ្លែងការណ៍ព្រាងមួយដែលទីភ្នាក់ងារព័ត៌មាន Bloomberg News ទទួលបានបានបង្ហាញថា ក្រុមប្រទេស G-7 អាចផ្តល់ភារកិច្ចជូនក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ខ្លួនដើម្បីជួបប្រជុំកែសម្រួលកំណត់តម្លៃប្រេងឡើងវិញ ដែលបច្ចុប្បន្នត្រូវបានកំណត់តម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែលសម្រាប់ប្រេងឆៅ ដែលត្រូវបានដាក់ចេញដើម្បីទប់ស្កាត់ការទិញប្រេងរបស់វិមានក្រឹមឡាំងពីសំណាក់អតិថិជនផ្សេងៗ។ ចំណាត់ការនេះនឹងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យរុស្សីកាន់តែចំណាយច្រើនជាងមុនលើការធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដើម្បី «លើកទឹកចិត្តឱ្យរុស្ស៊ីចូលចរចាសន្តិភាពប្រកបដោយអត្ថន័យ»

ដំណាក់កាលនេះ មិនមានភាពច្បាស់លាស់នោះទេថាតើសមាជិករបស់ក្រុមប្រទេស G-7 ទាំងអស់គាំទ្រឯកសារនេះដោយរបៀបណានោះ ហើយវាទំនងជានឹងត្រូវបានកែសម្រួលនៅពេលដែលអ្នកការទូតបន្តចរចាដើម្បី សម្រេចបានខ្លឹមសាររបស់អត្ថបទនោះ។ សេចក្តីព្រាងអត្ថបទនេះក៏បានលើកឡើងផងដែរថា «កងទ័ពនិងធនធាន រួមជាមួយនឹងការត្រួតពិនិត្យជាអន្តរជាតិដ៏រឹងមាំដើម្បីត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនដែលបានព្រមព្រៀងគ្នា»

សហរដ្ឋអាមេរិកបានបង្កើតឱ្យមានព័ត៌មានដ៏រន្ធត់មួយនៅពេលប្រទេសមហាអំណាចមួយនេះបានទាក់ទងដោយបើកចំហរកាលពីសប្តាហ៍មុនក្នុងការសន្ទនាជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូដោយផ្ទាល់ដើម្បីបញ្ចប់សង្រ្គាម។ ជាការឆ្លើយតប មេដឹកនាំសហភាពអឺរ៉ុបមួយចំនួនបានប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទដើម្បីពិភាក្សាអំពីវិធីសាស្រ្តរួមមួយក្នុងការចរចាដោយខ្លាចត្រូវបានគេផាត់ចេញពីការចរចារ។

ក្រុមប្រទេស G-7 មានគោលបំណងបញ្ចេញសេចក្តីថ្លែងការណ៍នេះនៅថ្ងៃទី២៤ ខែកុម្ភៈ ដែលជាខួបបីឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕