(ព្រុចសែល)៖ សហភាពអឺរ៉ុបបានឱ្យដឹងថា ខ្លួនមិនបានផ្តល់ជូនជាក់លាក់ណាមួយនៅឡើយទេក្នុងការកាត់បន្ថយពន្ធគយលើរថយន្តនាំចូលពីសហរដ្ឋអាមេរិក ខណៈដែលខ្លួនកំពុងធ្វើការងារដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាផ្នែកពាណិជ្ជកម្មជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយថា គណៈកម្មការអឺរ៉ុបដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបបានឱ្យដឹងថា៖ «ការកាត់បន្ថយពន្ធគយណាមួយត្រូវតែផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងត្រូវចរចាក្នុងក្របខណ្ឌដែលផ្អែកលើច្បាប់និងដោយស្មើភាព»។
សហភាពអឺរ៉ុបកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជៀសវាងជម្លោះពន្ធគយជាមួយលោក ត្រាំ ដែលប្រធានាធីបតីរូបនេះបាននិយាយថា លោកមានគម្រោងដំឡើងពន្ធគយឱ្យមានកម្រិតស្របគ្នាទៅលើដៃគូពាណិជ្ជកម្មក្នុងពិភពលោកដោយលើកឡើងពីពន្ធលើតម្លៃបន្ថែមរបស់សហភាពអឺរ៉ុបជាឧទាហរណ៍នៃការចាត់វិធានការដែលសហរដ្ឋអាមេរិកកំពុងសម្លឹងឆ្ពោះទៅរកការចាត់វិធានការឆ្លើយតប។
ក្នុងអំឡុងពេលនៃការប្រកាសរបស់គាត់អំពីពន្ធគយនេះកាលពីសប្តាហ៍មុន លោក ត្រាំ បាននិយាយថា សហភាពអឺរ៉ុបបានទម្លាក់ពន្ធគយលើរថយន្តរបស់ខ្លួនរួចហើយ។ បើទោះជាសហភាពអឺរ៉ុបបានបដិសេធថាមិនមានការទម្លាក់ពន្ធគយនេះសម្រាប់រថយន្តអាមេរិកក្ដី ក៏ការលើកឡើងរបស់លោក ត្រាំ បានបង្ហាញថា បញ្ហានៃការដកហូតពន្ធទាំងនោះបានស្ថិតនៅក្នុងរបៀបវារៈរបស់គាត់រួចស្រាប់ទៅហើយ។
លើសពីនេះ លោក ត្រាំ បានប្រកាសវិធានការដកហូតពន្ធគយ ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូម និងបានបង្ហើបឱ្យដឹងពីផែនការដំលើងពន្ធលើរថយន្ត ពោលគឺជាចំណាត់ការមួយដែលនឹងប៉ះពាល់ជាពិសេសដល់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕