(បាងកក)៖ ប្រាក់កម្ចីមិនដំណើរការ នៅធនាគារពាណិជ្ជរបស់ប្រទេសថៃ បានធ្លាក់ចុះពីកម្រិតខ្ពស់ក្នុងរយៈពេល ៣ឆ្នាំ ដោយសារការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍ ក្រោយការរាតត្បាតនៃជំងឺកូវីដ បានជំរុញសមត្ថភាពសងបំណុលរបស់សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មដែលទាក់ទងនឹងការធ្វើដំណើរផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្តីរបស់អ្នកស្រី ស៊ូវ៉ាន់នី ចាត់សាដាសាក់(Suwannee Jatsadasak) ជំនួយការរបស់ទេសាភិបាលធនាគារកណ្តាលថៃ ខណៈថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារថា កម្ចីមិនដំណើរការនេះមានចំនួនសរុប ៥៥២,១ពាន់លានបាត (១៦,៤ពាន់លានដុល្លារ) នៅដំណាច់ខែធ្នូ ឬប្រហែល ២,៧៨% នៃប្រាក់កម្ចីដែលនៅជំពាក់របស់ធនាគារពាណិជ្ជ។ អនុបាតប្រាក់កម្ចីមិនដំណើរការបានធ្លាក់ចុះពី ២,៩៧% កាលពីដំណាច់ខែកញ្ញា ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីត្រីមាសទីបីឆ្នាំ២០២១។

អ្នកស្រី Suwanee បានថ្លែងថា ការរៀបចំបំណុលឡើងវិញរបស់អាជីវកម្មធំៗមួយចំនួន បានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពសងបំណុលរបស់ពួកគេ។

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ បានអនុវត្តវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ រួមទាំងការលើកលែងទិដ្ឋាការ សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន ឥណ្ឌា និងប្រទេសមួយចំនួនទៀត។ រដ្ឋាភិបាលថៃក៏បានដាក់ចេញជំហានថ្មីៗដើម្បីជួយអ្នកខ្ចីទិញផ្ទះ ឡាន និងប្រាក់កម្ចីផ្ទាល់ខ្លួន ដើម្បីបង្កើនរយៈពេលសងត្រលប់ និងកាត់បន្ថយការប្រាក់។

អ្នកស្រី Suwannee បានមានប្រសាសន៍ថា៖ «វាគឺជាសញ្ញាលើកទឹកចិត្តមួយដែលមើលឃើញអនុបាតកម្ចីមិនដំណើរការធ្លាក់ចុះជាលើកដំបូងនៅក្នុងរយៈពេលជាច្រើនត្រីមាស។ វិស័យទេសចរណ៍មានការរីកចម្រើនជាពិសេសប្រតិបត្តិករសណ្ឋាគារ ភោជនីយដ្ឋាន និងការដឹកជញ្ជូន»

ប្រាក់កម្ចីសរុបរបស់ធនាគារពាណិជ្ជនៅប្រទេសថៃបានធ្លាក់ចុះ ០,៤% នៅក្នុងត្រីមាសទី៤ ធៀបនឹងឆ្នាំមុន ពោលគឺមានភាពប្រសើរឡើងធៀបនឹងការធ្លាក់ចុះ ២% នៅក្នុងត្រីមាសមុន នេះបើយោងតាមអ្នកស្រី Suwannee។ ការណ៍នេះកើតមានឡើងបន្ទាប់ពីមានការទម្លាក់អត្រាការប្រាក់គួរឱ្យភ្ញាក់ផ្អើលក្នុងខែតុលាដោយធនាគារកណ្តាលថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕