(តូក្យូ)៖ ក្រុមហ៊ុន Honda មានឆន្ទៈបន្តការចរចារឡើងវិញ ជាមួយក្រុមហ៊ុន Nissan ដើម្បីបង្កើតបានជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី៤ ក្នុងពិភពលោក ដរាបណានាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Makoto Uchida ចុះចេញពីតំណែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កាលពីសប្តាហ៍មុន ការចរចាអំពីការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនផលិតរថយន្តធំទីពីរ និងក្រុមហ៊ុន Nissan ដែលជាក្រុមហ៊ុនធំទីបីរបស់ប្រទេសជប៉ុន បានដួលរលំដែលបណ្តាលឱ្យបញ្ចប់ផែនការបង្កើតក្រុមហ៊ុនផលិតរថយន្តរួមគ្នាមួយ ដែលមានតម្លៃ ៦០ពាន់លានដុល្លារ។

ការដួលរលំការចរចានេះបានធ្វើឱ្យក្រុមហ៊ុន Nissan ធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់បន្ថែមទៀត និងបង្ហាញពីសម្ពាធលើក្រុមហ៊ុនផលិតរថយន្តមួយនេះ ពីគូប្រជែងរបស់ប្រទេសចិន ដែលអាក់ខានដល់ឧស្សាហកម្មរថយន្ត។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្ដីរាយការណ៍ដោយកាសែត Financial Times (FT) ដែលបានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Honda មានឆន្ទៈក្នុងការធ្វើឱ្យការចរចាររស់ឡើងវិញ ស្ថិតក្រោមនាយកប្រតិបត្តិថ្មី ដែលអាចគ្រប់គ្រងការប្រឆាំងផ្ទៃប្រកបដោយប្រសិទ្ធភាពជាងមុន។

សេចក្តីរាយការណ៍របស់កាសែត FT បានឱ្យដឹងថា លោក Uchida បានបង្ហាញចេតនារបស់គាត់ក្នុងការបន្តការងារជានាយកប្រតិបត្តិរហូតដល់ឆ្នាំ២០២៦ ប៉ុន្តែកំពុងប្រឈមនឹងសម្ពាធឱ្យចុះចេញពីតំណែង នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ពីសមាជិកក្រុមប្រឹក្សាភិបាល និងក្រុមហ៊ុនជាដៃគូ Renault បន្ទាប់ពីការគ្រប់គ្រងការចរចាមិនត្រឹមត្រូវរបស់គាត់ សម្រាប់កិច្ចព្រមព្រៀងដែលមានទំហំទឹកប្រាក់ដ៏ច្រើនជាមួយក្រុមហ៊ុន Honda នេះ។

យោងតាមសេចក្តីរាយការណ៍ដដែលនេះបានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nissan ក៏បានចាប់ផ្តើមការពិភាក្សាក្រៅផ្លូវការទាក់ទងនឹងពេលវេលា នៃការចាកចេញរបស់លោក Uchida ផងដែរ៕