(ភ្នំពេញ)៖ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៧ភាគរយ គិតជាទឹកប្រាក់ប្រមាណ ៩១.១ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៤ ដែលបង្ហាញថាប្រព័ន្ធធនាគារបន្តរក្សាបានវឌ្ឍនភាព និងមានស្ថិរភាព ដែលបានរួមចំណែកគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច។ នេះបើយោងតាមរបាយកាណ៍របស់ធនាគារជាតិនៃកម្ពុជា ប្រចាំឆ្នាំ២០២៤។

យោងតាមរបាយការណ៍បានឲ្យដឹងថា «ក្នុងឆ្នាំ២០២៤នេះ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៧ភាគរយ កើនឡើងចំនួន ៣៦៩.៤ទ្រីលានរៀល ឬស្មើ៩១.១ ប៊ីលានដុល្លារអាមេរិក។ ការកើនឡើងនេះបង្ហាញថា ប្រព័ន្ធធនាគារបន្តរក្សាបានវឌ្ឍនភាព និងមានស្ថិរភាព ដែលបានរួមចំណែកគាំទ្រ ការងើបឡើងនៃសេដ្ឋកិច្ច»។

តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០២៤ ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាបត្រឹម ៣ភាគរយ មានចំនួន២៤២.៩ទ្រីលានរៀល ឬ៥៩.៩ ប៊ីលានដុល្លារអាមេរិក ក្នុងពេលដែលប្រាក់បញ្ញើបានកើនឡើង ១៦.៣ភាគរយ កើនឡើងមានចំនួន ២៣០.៩ទីលានរៀល ស្មើ៥៧ប៊ីលានដុល្លារអាមេរិក។

តាមរបាយការណ៍បានបង្ហាញថា ស្ថានភាពដើមទុនមានភាពរឹងមាំ ដោយអនុបាតភាពគ្រប់គ្រាន់នៃ ដើមទុនមានកម្រិត ២២.៥ភាគរយ សម្រាប់វិស័យធនាគារ និង២៦.២ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ធៀបនឹងកម្រិតកំណត់នៃបទប្បញ្ញត្តិ (១៥%) ស្របពេលដែលទ្រនាប់ដើមទុនខនស៊ើវេសិនត្រូវបានអនុវត្តត្រឹម ១.២៥%។

ជាមួយគ្នានេះសន្ទនីយភាពបន្តមានកម្រិតខ្ពស់ ដោយអនុបាតក្របខណ្ឌសន្ទនីយភាពមានអត្រា ១៩២.៤% សម្រាប់វិស័យធនាគារ និង១៥០.៤% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ធៀបនឹងកម្រិតកំណត់នៃបទប្បញ្ញត្តិ (១០០%)។

ក្នុងនោះអនុបាតឥណទានមិនដំណើរការ បានបន្ដកើនឡើងក្នុងនោះវិស័យធនាគារមានកម្រិត ៧.៩ភាគរយ និងវិស័យមីក្រូហិវត្ថុមានកម្រិត ៩ភាគរយ ប៉ុន្ដែគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានធ្វើសំវិធានធនគ្រប់គ្រាន់ ដោយសំវិធានធនធៀបនឹងឥណទានមិនដំណើការមាន ៥៥.២ភាគរយ។

ក្នុងនោះប្រសិនបើដកសំវិធានធន ពីឥណទានមិនដំណើរការដុល អនុបាតឥណទានមិនដំណើរការសុទ្ធមានកម្រិតត្រឹម ៣.៥ភាគរយ ដែលជាកម្រិតមួយអាចគ្រប់គ្រងបាន និងបង្ហាញថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ការ និងទប់ទល់នឹងហានិភ័យឥណទាន៕