(ភ្នំពេញ)៖ អត្រាអតិផរណា នៅឆ្នាំ២០២៤ មានកម្រិតត្រឹមតែ ០.៨% ដែលជាអត្រាទាបបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ខណៈកាលនៅឆ្នាំ២០២៣ ស្ថិតក្នុងកម្រិត ២.១%។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)។
អតិផរណាទាបនេះ បណ្តាលមកពីការធ្លាក់ថ្លៃប្រេងឥន្ធនៈ ការថមថយកំណើនថ្លៃម្ហូបអាហារ និងកម្រិតទាបនៃអតិផរណាស្នូល។ ជាមួយគ្នានេះ វិធានការបន្ធូរបន្ថយថ្លៃម្ហូបអាហារ និងប្រេងសាំងរបស់រាជរដ្ឋាភិបាល គួបផ្សំនឹងការឡើងថ្លៃប្រាក់រៀល ក៏បានចូលរួមបន្ថយសម្ពាធអតិផរណាផងដែរ ដោយអត្រាប្តូរប្រាក់ មានកម្រិតជាមធ្យម ៤ ០៧១ រៀលក្នុងមួយដុល្លារអាមេរិក ដោយប្រាក់រៀលបានឡើងថ្លៃ ០.៩% (៤ ១១០ រៀលនៅឆ្នាំ២០២៣)។
តាមធនាគារជាតិនៃកម្ពុជា ថ្លៃក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបន្តថយចុះ ២.១% ដោយសារតម្លៃប្រេងឆៅពិភពលោក បានបន្តថយចុះ គូបផ្សំនឹងវិធានការ បញ្ចុះថ្លៃប្រេងសាំងរបស់រាជរដ្ឋាភិបាល។ នៅកម្ពុជាថ្លៃប្រេងសាំងបានបន្តធ្លាក់ចុះ -៦.២% (-៥.៦% នៅឆ្នាំ២០២៣) ស្របពេលដែលថ្លៃឥន្ធនៈថយចុះ -០.៩% (១% នៅឆ្នាំ២០២៣) ហើយថ្លៃឧស្ម័នបន្តមានកំណើនអវិជ្ជមាន -០.៩% (-៤.៧% នៅឆ្នាំ២០២៣)។
អតិផរណាម្ហូបអាហារបានថយចុះជាមធ្យមមកត្រឹម ១.២% (៣.៣% នៅឆ្នាំ២០២៣) ដែលរួមចំណែកជាចម្បងដោយការថយចុះថ្លៃត្រី -០.១% (៤.២% នៅឆ្នាំ២០២៣) និងកំណើនទាបនៃថ្លៃ សាច់ជ្រូក ០.១% (២.៦% នៅឆ្នាំ២០២៣) និងសាច់គោ ០.៥% (២.៧% នៅឆ្នាំ២០២៣) ដោយសារការកើនឡើងនៃការផ្គត់ផ្គង់ក្នុងស្រុក គួបផ្សំនឹង ការអនុគ្រោះពន្ធរបស់សរាជរដ្ឋាភិបាលលើអាហារ។ ទោះយ៉ាងណា ថ្លៃបន្លែនិងផ្លែឈើ បានរួមចំណែកចម្បងក្នុងកំណើនថ្លៃម្ហូបអាហារនៅឆ្នាំនេះ ដែលកើនឡើង ៤.៤% និង ២.៥% រៀងគ្នា (ប៉ុន្តែទាបជាងឆ្នាំ២០២៣ ៥.១% និង ៤.២% រៀងគ្នា) ដោយសារសម្ពាធអតិផរណាពីប្រទេសដៃគូនាំចូល។
អតិផរណាស្នូលថយចុះមក ១% (២% នៅឆ្នាំ២០២៣) ដោយសារកំណើនទាបនៃថ្លៃ ក្រុមភោជនីយដ្ឋាន ០.៣% (២% នៅឆ្នាំ២០២៣) និងការថែរក្សានិងការជួសជុលជម្រកស្នាក់នៅ ១.៨% (៤.៦% នៅឆ្នាំ២០២៣) ដែលបណ្តាលមក ពីកំណើនទាបនៃឥណទាន និងទេសចរតាមផ្លូវ អាកាស គួបផ្សំនឹងឥទ្ធិពលពីការថមថយថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។
ធនាគារជាតិនៃកម្ពុជា បានបន្តអនុវត្តនយោបាយរូបិយវត្ថុ ប្រកបដោយភាពបត់បែន និងប្រុងប្រយ័ត្នតាមរយៈឧបករណ៍ចម្បងៗ ដើម្បីរក្សាស្ថិរភាពថ្លៃ ព្រមទាំងគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ជាក់ស្តែង រូបិយវត្ថុទូទៅ (M2) បានកើនឡើង ១៧.៥% ដែលគាំទ្រដោយកំណើនប្រាក់បញ្ញើជារូបិយប័ណ្ណ ១៩.៩% ប្រាក់បញ្ញើ ជារៀល ១២.៥% ខណៈរូបិយវត្ថុក្នុងចរាចរណ៍ថយចុះ ២.៨%។
តាមរបាយការណ៍របស់ធនាគារជាតិ បានលើកឡើងថា នៅឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងនឹងសម្រេចបាន ៦.២% ហើយអតិផរណាត្រូវបាន ព្យាករថាមានកម្រិតសមស្រប ២.៦%៕