(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលនៃប្រទេសម៉ាដាហ្កាស្កា នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់មួយ (MoU) ដើម្បីផ្ដល់លទ្ធភាពដល់សមភាគីម៉ាដាហ្កាស្កា សិក្សាស្វែងយល់អំពីប្រតិបត្តិការនៃប្រព័ន្ធបាគង ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងការអនុវត្តនយោបាយរូបិយវត្ថុរបស់ប្រទេសកម្ពុជា។
អនុស្សរណៈយោគយល់ទ្វេភាគីនេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្ដាលម៉ាដាហ្កាស្កា។
ការអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្ដាលទាំងពីរ ដោយផ្តោតលើគម្រោងសិក្សាស្រាវជ្រាវ គម្រោងតភ្ជាប់ និងនវានុវត្តន៍ហិរញ្ញវត្ថុ ជាពិសេសប្រព័ន្ធទូទាត់បាគងជាដើម។
លោក Hon. Aivo H. Andrianarivelo បានវាយតម្លៃខ្ពស់ ចំពោះការអភវិឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធធនាគារកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង ព្រមទាំងការគរពូនទុនបម្រុងអន្តរជាតិរបស់ប្រទេសកម្ពុជា។
លោកក៏បានបង្ហាញសុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម ដូចជា វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។
លោកស្រីបណ្ឌិត ជា សិរី បានផ្តល់បដិសណ្ឋារកិច្ចយ៉ាងល្អ ដល់គណៈប្រតិភូធនាគារកណ្ដាលម៉ាដាហ្កាស្កា និងបានស្វាគមន៍យ៉ាងកក់ក្ដៅដែលធនាគារកណ្តាលម៉ាដាហ្កាស្កា ចាប់អារម្មណ៍សិក្សាស្វែងយល់អំពីប្រព័ន្ធ ប្រតិបត្តិការ ធនាគារកណ្តាល របស់ធនាគារជាតិនៃកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគងព្រមទាំងបង្ហាញ ឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិទ្វេភាគីឱ្យកាន់តែប្រសើរបន្ថែមទៀត។
លើសពីនេះលោកស្រីទេសាភិបាលក៏បានជម្រាបជូន សមភាគីម៉ាដាហ្គាស្កាផងដែរថា កន្លងមកប្រទេសផ្សេងៗទៀត ក៏បានមកសិក្សាស្វែងយល់ពី បទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍប្រព័ន្ធបាគងផដែរ។
លោកស្រីបណ្ឌិតក៏បានបង្ហាញក្តីសង្ឃឹមថា ធនាគារកណ្តាលទាំងពីរ នឹងអាចតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនទ្វេភាគីជាមួយគ្នានាពេលខាងមុខ៕