(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី តាមរយៈអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារនីងប៉ ដែលក្រុមហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្ម ក្នុងវិស័យមួយចំនួនដូចជាការកែច្នៃកៅស៊ូ ផលិតសម្ភារៈបរិក្ខារពេទ្យ សម្ភារៈឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ និងធនាគារ ជាដើម។
លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់ចិន នៅក្នុងប្រទេសកម្ពុជា ហើយក៏បានលើកទ្បើងពីសក្តានុពល ក្នុងវិស័យឧស្សាហកម្ម, កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសកម្ពុជាមានដំណាំយុទ្ធសាស្ត្រជាច្រើន រួមមានស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការ វិនិយោគកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែម។
លោកក៏បានជំរុញឱ្យវិនិយោគិន ធ្វើការគិតគូរក្នុងការបង្កើតខ្សែចង្វាក់ផលិតកម្ម ក្នុងវិស័យកសិកម្ម ជាពិសេសការកែច្នៃស្វាយចន្ទី ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការក៏បានជម្រាបជូន គណៈប្រតិភូពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការ វិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងការលើកទឹកចិត្តនានា។
លោកស្រី លូ ចឺឈីង បានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការ ដែលបានឆ្លៀតពេលមមាញឹកទទួលជួបគណៈប្រតិភូ និងបានជម្រាបជូនយ៉ាងក្បោះក្បាយ ពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកស្រីសង្ឃឹមថា តាមរយៈជំនួបលើកនេះ នឹងធ្វើឲ្យក្រុមហ៊ុនមានចំណាប់អារម្មណ៍កាន់តែខ្លាំង ក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕