(ហូសស្តុន)៖ ក្រុមហ៊ុនប្រេងអាមេរិក Chevron បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងបញ្ឈប់បុគ្គលិកពី ១៥ភាគរយទៅ ២០ភាគរយនៃបុគ្គលិកសរុបនៅទូទាំងពិភពលោករបស់ខ្លួននៅចុងឆ្នាំ២០២៦ ខណៈដែលក្រុមហ៊ុនព្យាយាមកាត់បន្ថយការចំណាយ សម្រួលអាជីវកម្ម និងបញ្ចប់ការទិញយកក្រុមហ៊ុនដ៏សំខាន់មួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនផលិតប្រេងធំទី២ របស់សហរដ្ឋអាមេរិកមួយនេះបានប្រឈមនឹងបញ្ហាផលិតកម្ម រួមទាំងការចំណាយលើសផែនការ និងភាពយឺតយ៉ាវនៅក្នុងគម្រោងអណ្តូងប្រេងដ៏ធំនៅក្នុងប្រទេសកាហ្សាក់ស្ថាន។
ទន្ទឹមនឹងនេះដែរ កិច្ចព្រមព្រៀងតម្លៃ ៥៣ពាន់លានដុល្លាររបស់ខ្លួនក្នុងការទិញយកក្រុមហ៊ុនផលិតប្រេង Hess និងការទទួលបានទីតាំងមួយនៅក្នុងអណ្តូងប្រេងដែលរកកម្រៃបានច្រើននៅក្នុងប្រទេសហ្គីយ៉ានស្ថិតក្នុងភាពមិនច្បាស់លាស់ដោយសារតែជម្លោះនៅក្នុងតុលាការជាមួយក្រុមហ៊ុនជាគូប្រជែង Exxon Mobil។
ក្រុមហ៊ុន Chevron បានឱ្យដឹងថា ខ្លួនកំពុងកំណត់គោលដៅកាត់បន្ថយការចំណាយរហូតដល់ ៣ពាន់លានដុល្លាររហូតដល់ឆ្នាំ២០២៦ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ការលក់ទ្រព្យសម្បត្តិ និងការផ្លាស់ប្តូររបៀបនិងទីកន្លែងអនុវត្តការងារ។
នៅចុងឆ្នាំ២០២៣ ក្រុមហ៊ុន Chevron មានបុគ្គលិកចំនួន ៤០ ២១២នាក់នៅទូទាំងប្រតិបត្តិការរបស់ខ្លួន។ ការបញ្ឈប់បុគ្គលិកចំនួន ២០ភាគរយនៃបុគ្គលិកសរុបនឹងស្មើនឹងប្រហែល ៨ ០០០នាក់។ តួលេខទាំងនោះមិនរាប់បញ្ចូលបុគ្គលិកប្រហែល ៥ ៤០០នាក់ផ្សេងទៀតនៃស្ថានីយសេវាកម្មរបស់ក្រុមហ៊ុន Chevron ឡើយ។
ប្រាក់ចំណេញទាបក្នុងផលិតកម្មប្រេងសាំង និងម៉ាស៊ូតក៏ប៉ះពាល់ដល់ប្រាក់ចំណូលប្រចាំត្រីមាសទី៤ របស់ក្រុមហ៊ុន Chevron ផងដែរ ខណៈដែលអាជីវកម្មចម្រាញ់របស់ខ្លួនបានប្រកាសពីការខាតបង់ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២០មក ដែលបង្កើនសម្ពាធលើនាយកប្រតិបត្តិលោក Mike Wirth។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕