(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងយល់ព្រម ដល់សំណើទិញយកក្រុមហ៊ុនផលិតដែកអាមេរិក US Steel ប្រសិនបើក្រុមហ៊ុន Nippon Steel កាន់កាប់ភាគហ៊ុនភាគតិចនៅក្នុងក្រុមហ៊ុន US Steel ប៉ុន្តែលោកបានកត់សម្គាល់ថា ក្រុមហ៊ុនផលិតដែករបស់ជប៉ុនមួយនេះកំពុងពិចារណាទិញបំណុលរបស់ក្រុមហ៊ុន US Steel។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការលើកឡើងរបស់លោក ត្រាំ បានធ្វើឡើងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះបានច្រានចោលសំណើរបស់ក្រុមហ៊ុនផលិតដែកជប៉ុន Nippon Steel ទិញក្រុមហ៊ុនផលិតដែកថែបអាមេរិកដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុមួយនេះ។
លោក ត្រាំ បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងទៅកាន់អ្នកកាសែតនៅក្នុងការឆ្លើយតបទៅនឹងសំណួរថាតើគាត់នឹងគាំទ្រដល់សំណើទិញរបស់ក្រុមហ៊ុន Nippon ឬយ៉ាងណានោះថា៖ «ភាគហ៊ុនភាគតិច ខ្ញុំនឹងមិនអីទេ»។
លោក ត្រាំ បានបន្ថែមថា៖ «អ្វីដែលពួកគេកំពុងធ្វើនៅពេលនេះ គឺពួកគេនឹងក្លាយជាវិនិយោគិន ហើយខ្ញុំគិតថា ពួកគេនឹងវិនិយោគនៅក្នុងបំណុលនិងអ្វីផ្សេងទៀត»។
ក្រុមហ៊ុន Nippon Steel បានដាក់សំណើតម្លៃ ១៤,៩ពាន់លានដុល្លារដើម្បីទិញយកក្រុមហ៊ុន US Steel កាលពីខែធ្នូ ឆ្នាំ២០២៣ ដែលសន្យាថានឹងវិនិយោគរាប់ពាន់លានដុល្លារដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធចាស់ៗរបស់ក្រុមហ៊ុនអាមេរិកនេះ ហើយសន្យាថានឹងរក្សាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននេះនៅទីក្រុង Pittsburgh រដ្ឋ Pennsylvania ដដែល។
កិច្ចព្រមព្រៀងនេះបានប្រឈមមុខនឹងបញ្ហានយោបាយទាំងពីលោក ត្រាំ និងលោក ចូ បៃឌិន ដែលបានប្តេជ្ញាថានឹងបញ្ចប់ប្រតិបត្តិការទិញលក់នេះដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕