(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien បាននិយាយថា ប្រទេសវៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកទីផ្សាររបស់ខ្លួននិងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
វៀតណាមកំពុងប្រឈមនឹងហានិភ័យពីជម្លោះពាណិជ្ជកម្មសកលកាន់តែខ្លាំងឡើង រួមទាំងពន្ធថ្មីពីសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំបំផុតរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយដោយរដ្ឋាភិបាលវៀតណាមថា លោក Dien បានប្រាប់លោក Marc Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហាណូយក្នុងកិច្ចប្រជុំមួយនៅសប្តាហ៍នេះថា៖ «ប្រទេសទាំងពីរចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មបន្ថែមទៀតដើម្បីឱ្យភាគីនីមួយៗអាចធ្វើពិពិធកម្មផលិតផល និងច្រវាក់ផ្គត់ផ្គង់»។
លោកបាននិយាយថា វៀតណាមក៏សង្ឃឹមថា សហរដ្ឋអាមេរិកនឹងបើកទីផ្សាររបស់ខ្លួនបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម។
វៀតណាមគឺជាទីផ្សារនាំចេញធំទី៩ របស់សហរដ្ឋអាមេរិកសម្រាប់ផលិតផលកសិកម្មដូចជាសាច់ ផ្លែឈើ ពោត និងផលិតផលទឹកដោះគោ។
ទិន្នន័យរបស់សហរដ្ឋអាមេរិកបានបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់វៀតណាមជាមួយសហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតគឺជាង ១២៣ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕