(គូឡាឡាំពួរ)៖ ធនាគារកណ្តាលម៉ាឡេស៊ីបានឱ្យដឹងកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ក្នុងគ្រាដែលមានតម្រូវការក្នុងស្រុកខ្លាំង និងការស្ទុះងើបឡើងវិញនៃការនាំចេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ធនាគារ Negara Malaysia ដែលជាធនាគារកណ្តាលម៉ាឡេស៊ីបានឱ្យដឹងថា កំណើន ៥ភាគរយនៅត្រីមាសទី៤ ឆ្នា២០២៤ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ត្រូវបានជំរុញដោយតម្រូវការក្នុងស្រុក សកម្មភាពវិនិយោគដ៏រឹងមាំ និងការចំណាយគ្រួសារប្រកបដោយនិរន្តរភាព។

ប៉ុន្តែធនាគារនេះបានព្រមានថា ចក្ខុវិស័យនៅតែអាចប្រឈមនឹងហានិភ័យ រួមទាំងការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ក្នុងគ្រាដែលមានការរំពឹងទុកខ្ពស់ថានឹងមានការរឹតបន្តឹងពាណិជ្ជកម្ម និងការវិនិយោគសកល ក៏ដូចជាផលិតកម្មទំនិញទាបជាងការរំពឹងទុក។

តួលេខសេដ្ឋកិច្ចនៅត្រីមាសទី៤ នេះ មានកម្រិតខ្ពស់ជាងការប៉ាន់ប្រមាណផ្លូវការ និងការព្យាកររបស់ក្រុមអ្នកវិភាគនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលថាមានកំណើនតែ ៤,៨ភាគរយ ប៉ុន្តែទាបជាងកំណើន ៥,៤ភាគរយនៅក្នុងត្រីមាសទី៣។

សម្រាប់កំណើនរយៈពេលពេញមួយឆ្នាំ២០២៤វិញ ម៉ាឡេស៊ីទទួលបានកំណើន ៥,១ភាគរយស្របតាមការប៉ាន់ប្រមាណជាមុន និងការព្យាកររបស់រដ្ឋាភិបាលដែលថានឹងសម្រេចបានចន្លោះពី ៤,៨ភាគរយទៅ ៥,៣ភាគរយ និងធៀបនឹងកំណើន ៣,៦ភាគរយនៅឆ្នាំ២០២៣។

រដ្ឋាភិបាលនិងធនាគារកណ្តាលម៉ាឡេស៊ីបានព្យាករថា សេដ្ឋកិច្ចនឹងកើនឡើងចន្លោះពី ៤,៥ភាគរយទៅ ៥,៥ ភាគរយនៅឆ្នាំ២០២៥។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕