(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ដែលនឹងរក្សាបាននូវចីរភាព តាមរយៈកំណើនលំហូរវិនិយោគបរទេស និងការធ្វើពាណិជ្ជកម្មដែលកើនឡើងជាបន្តបន្ទាប់ បើទោះបីជាប្រភពមួយចំនួនបានលើកឡើងថា កំណើននេះនឹងថមថយទៅវិញក៏ដោយ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលជំរុញកំណើនពាណិជ្ជកម្មកម្ពុជា»។
លោកបានមានប្រសាសន៍ថា បើផ្អែកតាមមូលនិធីរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើន យ៉ាងហោចណាស់ក៏លើសពី៥%ដែរ។ កំណើនលើសពី៥%នេះ គឺជាតួលេខវិជ្ជមានមួយ សម្រាប់កម្ពុជាដែលមានមូលដ្ឋានផលិតកម្មនៅមានកម្រិត។ ហើយការឈានទៅសម្រេចបាននូវកំណើនក្នុងកម្រិតបែបនេះ បានន័យថាស្ថាប័នជំនាញបានវាយតម្លៃជាក់លាក់ទៅលើផលិតភាពផលិតកម្មរបស់កម្ពុជា គុណភាពទំនិញរបស់កម្ពុជា និងភាពជឿជាក់របស់ទីផ្សារ ព្រមទាំងការរក្សាបាននូវការទាក់ទាញការវិនិយោគរបស់បរទេស ដែលក្នុងមួយឆ្នាំៗមានចំនួនរាប់ពាន់លានដុល្លារ។
លោកបានគូសបញ្ជាក់ថា សញ្ញាណទាំងនេះនឹងបង្ហាញថា កម្ពុជានៅមានផលិតកម្មសម្រាប់បម្រើការនាំចេញ និងមានកំណើននាំចេញតទៅថ្ងៃអនាគត ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ប៉ែន សុវិជាតិ៖