(ភ្នំពេញ)៖ ប្រាក់រៀលដែលកន្លងមកធ្លាប់តែស្ថិតក្នុងអត្រាប្តូរប្រាក់ ១ដុល្លារស្មើនឹងជាង៤១០០រៀល ឬទាបជាងនេះតិចតួចនោះ នៅពេលបច្ចុប្បន្ននេះ អត្រាប្តូរប្រាក់រៀលបានធ្លាក់ចុះមកក្នុងរង្វង់ ១ដុល្លារ ស្មើនឹង៤០០០រៀល​ ដែលបង្ហាញថា ស្ថានភាពប្រាក់រៀលកាន់តែល្អ និងមានតម្លៃជាងមុន។

យោងតាមអត្រាប្តូរប្រាក់ ដែលចេញផ្សាយដោយបណ្តាធនាគារ​មួយចំនួន នកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ អត្រាប្តូរប្រាក់១ដុល្លារស្មើនឹង ៤០០០រៀល ខណៈនៅធនាគារខ្លះទាបជាង ៤០០០រៀលទៅទៀត។ ការឡើងថ្លៃនៃប្រាក់រៀលនេះ គេសង្កេតឃើញតាំងពីចុងឆ្នាំ២០២៤​។ តាមការកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​អត្រាប្តូរប្រាក់រៀលស្ទើរតែមិនដែលធ្លាក់ចុះដល់ ៤០០០រៀលនោះទេ។

លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ការឡើងថ្លៃនៃប្រាក់រៀលនេះ គឺដោយសារកំណើនសេដ្ឋកិច្ច វិធានការរបស់ធនាគារជាតិ និងការគ្រប់គ្រងបានល្អនៅក្នុងវិស័យរូបិយវត្ថុ ​របស់អាជ្ញាធររូបិយវត្ថុជាតិ រួមទាំងតម្រូវការប្រាក់រៀលកើនឡើង។

លោកបានកត់សម្គាល់ថា រៀងរាល់ត្រីមាសទី១នៃឆ្នាំនីមួយៗ ប្រាក់រៀលតែងតែមានតម្លៃ ដោយសារតម្រូវការប្រាក់រៀលកើនឡើង និងស្របពេលដែលក្រុមហ៊ុនសហគ្រាសនានាបង់ពន្ធជូនរដ្ឋ ដែលធ្វើឡើងជាប្រាក់រៀល។ ​

​ការរក្សាបាននូវស្ថេរភាពល្អ នៃប្រាក់រៀលនេះ គឺជាជោគជ័យមួយ របស់រាជរដ្ឋាភិបាល និងធនាគារ​ ខណៈដែលកន្លងមក នៅពេលរាជរដ្ឋាភិបាល​ចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់​នូវប្រភេទថ្មី ​២០០ ០០០រៀល ដើម្បីជាការអបអរសាទរ ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ​កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤​ ​ក្រុមប្រឆាំងក្រៅស្រុក បានប​ង្កើតព័ត៌មានបំណុលថា ការបោះពុម្ពក្រដាសប្រាក់ថ្មីនេះ ដោយសារសេដ្ឋកិច្ចកម្ពុជាដួលរលំ និងអាចធ្វើឱ្យតម្លៃប្រាក់រៀលធ្លាក់ចុះ (លុយរៀលហើម)​។ តែយ៉ាងនេះក្តី គេសង្កេតឃើញថា ចាប់តាំងចុងឆ្នាំ២០២៤មក ស្ថានភាពប្រាក់ភាពកាន់តែល្អប្រសើរ ដោយស្ថិតក្នុងអាត្រាប្តូរប្រាក់ក្រោម ៤១០០រៀលក្នុងមួយដុល្លារ។​ កត្តានេះមិនឆ្លុះបញ្ចាំងតាមការលើកឡើងរបស់ក្រុមប្រឆាំងឡើយ។

យោងតាមប្រភពធនាគារជាតិបានឱ្យដឹងថា នៅឆ្នាំ១៩៩៨ អត្រាប្តូរប្រាក់ គឺ៣៨០០រៀល ក្នុង១ដុល្លារ ហើយនៅឆ្នាំ២០០៣ អត្រាប្តូរប្រាក់ឡើងដល់ ៤០០០រៀល ក្នុង១ដុល្លារ ហើយនៅឆ្នាំ២០១០ អត្រាប្តូរប្រាក់បន្តឡើងដល់ ៤២០០រៀល ក្នុង១ដុល្លារ ប៉ុន្តែអត្រានេះបានធ្លាក់នៅក្នុងរង្វង់ក្រោម ៤១០០រៀលក្នុង ១ដុល្លារវិញរហូតមកដល់ពេលនេះ។ ​

គួរកត់សំគាល់ថា អត្រាប្តូរប្រាក់មានស្ថេរភាព ក្នុងរយៈពេល២០ ឆ្នាំចុងក្រោយ គឺដោយសារ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកលូតលាស់នៃសេដ្ឋកិច្ច និងលំហូរចូលនៃវិនិយោគទុនពីក្រៅប្រទេសមកកម្ពុជា។ ស្ថិរភាពអត្រាប្តូរប្រាក់បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងជំនឿទុកចិត្ត វិនិយោគិន គ្រប់គ្រងសម្ពាធអតិផរណាបានមួយផ្នែក ក៏ដូចជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច​៕