(ភ្នំពេញ)៖ ក្នុងខែដំបូងនៃឆ្នាំ២០២៥នេះ ​ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៥ពាន់លានដុល្លារ កើនឡើង២៤.៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤ ដែលមានទំហំជាង ៤ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមរយៈរបាយការណ៍នេះបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃ​ជាង២.៣ពាន់លានដុល្លារ កើនឡើង១៧.៣%។ ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ២.៧ពាន់លានដុល្លារ កើនឡើង៣១.៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤។

ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ១.៥ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនជាង ១០០លានដុល្លារ កើនឡើង៤០.៥% ស្របពេលដែលចិននាំចូលមកកម្ពុជាវិញ មានតម្លៃជាង ១.៤ពាន់ដុល្លារ កើនឡើង៣៤.៧%។

ចំណែកសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មជិត ៩០០លានដុល្លារ កើនឡើង៣៨.៦% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានតម្លៃជាង ៨៦៨លានដុល្លារ និងអាមេរិកនាំមកកម្ពុជាវិញក្នុងតម្លៃជាង ២៣លានដុល្លារ។

តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល បានបង្ហាញថា ទំហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ថៃ ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេសជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕