(ប៉េកាំង)៖ អាជ្ញាធរចិនកំពុងធ្វើការងារលើសំណើជួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Vanke Co. ដើម្បីបំពេញកង្វះខាតមូលនិធិប្រហែល ៥០ពាន់លានយន់ (៦,៨ពាន់លានដុល្លារ) នៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពដឹងពីបញ្ហានេះ ដែលបានលើកឡើងពីការគាំទ្ររបស់រដ្ឋាភិបាលចិន សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានបញ្ហានេះថា ស្ថិតក្រោមផែនការនេះ និយតករនានារបស់ប្រទេសចិន នឹងបែងចែកកូតាមូលបត្របំណុលរដ្ឋាភិបាលមូលដ្ឋានពិសេសចំនួន ២០ពាន់លានយន់ សម្រាប់ការទិញអចលនទ្រព្យ ដែលមិនទាន់លក់ចេញ និងដីទំនេរពីក្រុមហ៊ុន Vanke។
ប្រភពដដែលបានឱ្យដឹងបន្ថែម ដោយសុំមិនបញ្ចេញអត្តសញ្ញាណ ដោយសារកិច្ចពិភាក្សានេះ គឺជាព័ត៌មានឯកជនថា ប្រាក់នេះនឹងអាចឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានមូលដ្ឋាននៅទីក្រុងហ្សិនចិននេះ អាចសងបំណុលសាធារណៈ និងបំណុលឯកជន ដែលនឹងដល់ពេលកំណត់សងនៅឆ្នាំនេះ។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុន Vanke និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក៏នឹងត្រូវបានអនុញ្ញាតឱ្យទាញយកប្រភពហិរញ្ញប្បទានផ្សេងទៀត រួមទាំងការលក់មូលបត្របំណុលថ្មី និងប្រាក់កម្ចីធនាគារផងដែរ សម្រាប់ការទូទាត់បំណុលរបស់ខ្លួន។ ប្រភពដដែលបន្ថែមថា ព័ត៌មានលម្អិតនៃផែនការនេះនៅតែអាចផ្លាស់ប្តូរ។
ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលបានស្នើឡើងនេះ គឺជាសញ្ញាមួយបន្ថែមទៀតដែលបង្ហាញថា ទីក្រុងប៉េកាំងកំពុងកំណត់ព្រំដែនជាក់លាក់សម្រាប់ក្រុមហ៊ុន Vanke ដើម្បីឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ដែលគាំទ្រដោយរដ្ឋមួយនេះ មិនទទួលរងនូវជោគវាសនាដូចគ្នានឹងក្រុមហ៊ុន China Evergrande Group និងក្រុមហ៊ុនឯកជនផ្សេងទៀត ដែលបានបរាជ័យសងបំណុលរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្រុមហ៊ុន Vanke កំពុងប្រឈមនឹងកង្វះថវិកានៅឆ្នាំនេះ ដោយសារក្រុមហ៊ុនដល់ពេលឬនឹងដល់ពេលត្រូវសងបំណុលចំនួន ៤,៩ពាន់លានដុល្លារក្នុងពេលការលក់ផ្ទះធ្លាក់ចុះ និងលទ្ធភាពទទួលបានសាច់ប្រាក់ងាយស្រួលមានកម្រិត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕