(ហាណូយ)៖ តម្លៃដុំមាសនៅវៀតណាម បានបន្តធ្លាក់ចុះ ២,២៨% នៅត្រឹម ៩០,២លានដុង (៣ ៥២៤,១៣ដុល្លារអាមេរិក) ក្នុងមួយតម្លឹងកាលពីព្រឹកថ្ងៃពុធ ពោលគឺធ្លាក់ចុះពីកម្រិតតម្លៃខ្ពស់បំផុត កាលពីថ្ងៃអង្គារ។ នេះបើយោងតាមកាសែត VN Express។

កាលពីថ្ងៃអង្គារ មាសដុំត្រូវបានជួញដូរក្នុងតម្លៃខ្ពស់បំផុត មិនធ្លាប់មានគឺ ៩២,៣លានដុង (ប្រហែល ៣ ៦២៣ដុល្លារ) ក្នុងមួយតម្លឹងមុនពេលធ្លាក់ចុះបន្តិចវិញ មកនៅត្រឹម ៩០,៥លានដុង (ប្រហែល ៣ ៥៥៣) នៅរសៀលថ្ងៃពុធ។

តម្លៃចិញ្ចៀនមាសបានធ្លាក់ចុះដល់ ៨៩,៧លានដុង ( ប្រហែល ៣ ៥២១ដុល្លារ) ក្នុងមួយតម្លឹងពីកម្រិតតម្លៃខ្ពស់បំផុត មិនធ្លាប់មាន ៩១,៧លានដុង (ប្រហែឡ ៣ ៦០០ដុល្លារ) កាលពីថ្ងៃអង្គារ។ មួយតម្លឹងស្មើនឹង ៣៧,៥ក្រាម ឬ ១,២ អោន។

នៅទីផ្សារពិភពលោកវិញ តម្លៃមាសបានធ្លាក់ចុះកាលពីថ្ងៃពុធពីតម្លៃខ្ពស់បំផុត មិនធ្លាប់មាន នៅក្នុងវគ្គជួញដូរក្នុងថ្ងៃដដែលនោះ ខណៈដែលការអត្ថាធិប្បាយរបស់ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បានពង្រឹងចក្ខុវិស័យនៃការមិនប្រញាប់ប្រញាល កាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ ស្របពេលដែលវិនិយោគិនកំពុងរង់ចាំរបាយការណ៍ ស្តីពីអតិផរណារបស់សហរដ្ឋអាមេរិក។

តម្លៃមាសសម្រាប់ជួញដូរភ្លាមៗបានធ្លាក់ចុះ ០,៤% មកនៅត្រឹម ២ ៨៨៥,៥៣ដុល្លារក្នុងមួយអោន (៨,៣ជី)។ មាសដុំបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ២ ៩៤២,៧ដុល្លារ កាលពីថ្ងៃអង្គារ។ តម្លៃមាសក្នុងកិច្ចសន្យាសម្រាប់ចែកចាយ នាពេលអនាគតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ០,៨% មកនៅត្រឹម ២ ៩១០,៧ដុល្លារក្នុងមួយអោន។

លោក Powell បាននិយាយកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចស្ថិតនៅក្នុងស្ថានភាពល្អ ហើយធនាគារកណ្តាលអាមេរិក មិនប្រញាប់ប្រញាល់កាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតទេ ប៉ុន្តែត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់បន្ថយអត្រាការប្រាក់ ប្រសិនបើអតិផរណា ឬទីផ្សារការងារធ្លាក់ចុះ។

ដុំមាសត្រូវបានចាត់ទុកថា ជាទ្រព្យការពារនឹងអតិផរណា ប៉ុន្តែអត្រាការប្រាក់កាន់តែខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់ចំណាប់អារម្មណ៍ទិញមាស សម្រាប់ធ្វើជាទ្រព្យរក្សាសុវត្ថិភាព។ នេះបើយោងតាមកាសែត VN Express៕