(ព្រុចសែល)៖ ប្រធានសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បានប្តេជ្ញានៅសប្តាហ៍នេះថា នឹងសងសឹកយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដកហូតពន្ធគយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក៏បាននិយាយផងដែរថា សហភាពអឺរ៉ុបនឹងបង្ហាញការរួបរួមគ្នា និង «ធ្វើសកម្មភាពរួមគ្នាក្នុងនាមជាទីផ្សារធំបំផុត ក្នុងពិភពលោក»។
លោក ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ដើម្បីដកហូតពន្ធគយ ២៥ភាគរយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូមចាប់ពីថ្ងៃទី១២ ខែមីនាតទៅទោះបីជាមានការព្រមានពីអឺរ៉ុប និងប្រទេសចិនក៏ដោយ។
ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី von der Leyen បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ខណៈថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធគយលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់អឺរ៉ុប»។
អ្នកស្រីបានបន្ថែមថា៖ «ពន្ធមិនសមហេតុផលលើសហភាពអឺរ៉ុបនឹងត្រូវបានឆ្លើយតប។ ពន្ធទាំងនេះនឹងបង្កឱ្យមានការប្រឆាំងដ៏ម៉ឺងម៉ាត់ និងក្នុងអត្រាដូចគ្នា។ សហភាពអឺរ៉ុបនឹងចាត់វិធានការ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ យើងនឹងការពារកម្មករ អាជីវកម្ម និងអ្នកប្រើប្រាស់របស់យើង»។
ប្រធានផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបលោក Maros Sefcovic បាននិយាយថា វាជា «សេណារីយ៉ូដែលចាញ់-ចាញ់»។ លោកបានព្រមានថា ពន្ធគយគឺធ្វើឱ្យប៉ះពាល់ដល់ផលិតភាព ដែលនាំឱ្យខាងបង់ផ្នែកសេដ្ឋកិច្ច។
លោកបានប្រាប់សភាសហភាពអឺរ៉ុបនៅទីក្រុង Strasbourg ប្រទេសបារាំងថា៖ «តាមរយៈការដាក់ពន្ធ សហរដ្ឋអាមេរិកនឹងយកពន្ធលើពលរដ្ឋរបស់ខ្លួនឯង ធ្វើឱ្យការចំណាយសម្រាប់អាជីវកម្មផ្ទាល់របស់ខ្លួនឯងកើនឡើង និងជំរុញឱ្យមានអតិផរណា»។
នៅក្នុងបញ្ជាប្រតិបត្តិមួយ លោក ត្រាំ បាននិយាយថា គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ រាល់ការនាំចូលសារធាតុអាលុយមីញ៉ូមពីប្រទេសអាហ្សង់ទីន អូស្ត្រាលី កាណាដា ម៉ិកស៊ិក បណ្តាប្រទេសសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសនឹងត្រូវទទួលរងនូវការដកហូតពន្ធគយបន្ថែម។
លោកបានចេញផ្សាយបញ្ជាប្រតិបត្តិ ដាច់ដោយឡែកមួយទៀត សម្រាប់ដែកថែប ដោយលោកបាននិយាយថា ពន្ធគយនេះនឹងត្រូវអនុវត្ត ចំពោះរាល់ការនាំចូលពីប្រទេស ដែលរងការដកហូតពន្ធអាលុយមីញ៉ូមខាងលើដែរ រួមទាំងប្រទេសប្រេស៊ីល ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ ប្រធានាធិបតីអាមេរិកបានបញ្ជាក់ទៀតថា ពន្ធគយបន្ថែមទៀតអាចនឹងធ្វើឡើង ចំពោះរថយន្ត ឱសថ និងបន្ទះឈីបកុំព្យូទ័រ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕