(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung បាននិយាយនៅថ្ងៃពុធថា ប្រទេសវៀតណាមនឹងពិនិត្យមើលឡើងវិញជាផ្លូវការនូវទិសដៅកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ដោយដំឡើងដល់ ៨ភាគរយពីអត្រាចន្លោះពី ៦,៥ភាគរយទៅ ៧ភាគរយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Dung ខណៈថ្លែងនៅក្នុងសភាថា ការនាំចូលនិងការនាំចេញត្រូវបានរំពឹងថានឹងកើនឡើង ១២ភាគរយនៅឆ្នាំនេះ។ លោកបានបន្ថែមថា អតិរេកពាណិជ្ជកម្មត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣០ពាន់លានដុល្លារ។

ប្រទេសអាស៊ីអាគ្នេយ៍ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់មួយនេះបានរាយការណ៍ពីកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៧,០៩ភាគរយកាលពីឆ្នាំមុន ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់អាស៊ី។

លោក Dung បាននិយាយថា ផលិតកម្មឧស្សាហកម្មនិងការវិនិយោគពីបរទេសនឹងដឹកនាំកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ។ លោកបានបន្តថា លំហូរវិនិយោគបរទេសត្រូវបានរំពឹងថានឹងមានចំនួន ២៨ពាន់លានដុល្លារ ខណៈការលក់រាយក្នុងស្រុកត្រូវបានរំពឹងថានឹងកើនឡើង ១២ភាគរយ។

លោក Dung បាននិយាយថា៖ «ទោះជាយ៉ាងណា យើងនៅតែប្រឈមនឹងបញ្ហាប្រឈមនៅឆ្នាំនេះ ហើយយើងក៏នឹងផ្តល់អាទិភាពដល់ការរក្សាអតិផរណាឱ្យស្ថិតក្រោមការគ្រប់គ្រងបាននិងធានាស្ថិរភាពម៉ាក្រូ»។ លោកបានបន្តថា អតិផរណាត្រូវបានរំពឹងថានឹងមានពី ៤,៥ភាគរយដល់ ៥ភាគរយនៅឆ្នាំនេះ។

ទិសដៅកំណើន ផ.ស.ស ដែលត្រូវបានកែប្រែឡើងវិញនេះត្រូវទទួលបានអនុម័តពីសភា៕