(បាងកក)៖ ប្រាក់បាតត្រូវបានរំពឹងថានឹងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខក្នុងគ្រាដែលភាព តានតឹងផ្នែកពាណិជ្ជកម្មសកលកើនឡើង បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដើម្បីដំឡើងពន្ធលើការនាំចូលអាលុយមីញ៉ូម និងដែកថែបដល់ ២៥%។ នេះបើយោង តាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា កាលពីថ្ងៃអង្គារប្រាក់បាតត្រូវបានជួញដូរក្នុងតម្លៃ ៣៣,៩៦បាតក្នុងមួយដុល្លារអាមេរិក ពោលគឺឡើងថ្លៃបន្តិចធៀបនឹងតម្លៃនៅពេលបិទការជួញដូរកាលពីថ្ងៃចន្ទ ៣៣,៩១ មុនពេលធ្លាក់ចុះដល់ ៣៤បាតនៅថ្ងៃដដែល និងធ្លាក់ចុះបន្តទៀតដល់ ៣៤,០៧បាតក្នុងមួយដុល្លារគិតត្រឹមម៉ោង ៤ និង ៣០នាទីរសៀល។

លោក Poon Panitchpibun អ្នកយុទ្ធសាស្រ្តទីផ្សារសាច់ប្រាក់នៅក្រុមហ៊ុន Krungthai Global Markets បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ប្រាក់បាតបានធ្លាក់ចុះថ្លៃហួសពី ៣៤បាតក្នុងមួយដុល្លារបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចូលដែកថែបនិងអាលុយមីញ៉ូមដល់កម្រិត ២៥% កាលពីថ្ងៃចន្ទ។

លោក Poon បានថ្លែងថា ប្រាក់ដុល្លារអាមេរិកឡើងថ្លៃកាន់តែខ្លាំងដែលជំរុញដោយវិធានការពន្ធគយបានដាក់សម្ពាធប្រាក់បាត។ បន្ទាប់ពីបានបើកដំណើរការជួញដូរក្នុងតម្លៃ ៣៣,៨៩បាតកាលពីថ្ងៃចន្ទ ដែលធ្លាក់ចុះពីតម្លៃនៅថ្ងៃសុក្រសប្តាហ៍មុន ៣៣,៦៤បាតក្នុងមួយដុល្លារ ប្រាក់បាតបានបន្តធ្លាក់ចុះថែមទៀតក្នុងគ្រាដែលមានការកើនឡើងភាពមិនច្បាស់លាស់៕