(ហ្វីលីពីន)៖ បន្ទាប់ពីជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក FERDINAND R. MARCOS JR. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីភាព ក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន។
ក្នុងនោះ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ស្តីពី «ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ (Double Taxation Agreement-DTA) ក៏ត្រូវបានចុះហត្ថលេខា និងផ្លាស់ប្តូរផងដែរ ដែលត្រូវបានចុះហត្ថលេខាដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោក RALPH G. RECTO រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្នុងនាមរដ្ឋាភិបាលហ្វីលីពីន។
កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀង DTA ទី១៣ ដែលព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាជាមួយ យុត្តាធិការដៃគូ។ គូរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំង ១០ កម្ពុជាបានចុះហត្ថលេខាជាមួយគ្រប់រដ្ឋសមាជិកអាស៊ានទាំងអស់ លើកលែងសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ដែលទើបនឹងបានបញ្ចប់ការចរចាទាំងស្រុង ក្នុងកម្រិតបច្ចេកទេស នាពេលថ្មីៗនេះ។
កិច្ចព្រមព្រៀងនេះ ផ្តល់អត្ថប្រយោជន៍ដល់ភាគីហត្ថលេខី លើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឱ្យប្រាកដប្រជាក្នុងការកំណត់សិទ្ធិនៃការយកពន្ធ, កំណើនមូលដ្ឋានគិតពន្ធតាមរយៈការទាក់ទាញវិនិយោគដោយផ្ទាល់, រំហូរមូលធន, ការផ្ទេរបច្ចេកវិទ្យានិងជំនាញពីបរទេស, ការការពារនិវាសនជនពីប្រព្រឹត្តិកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការគេចវេះពន្ធរវាងប្រទេសទាំងពីរ។
ការចុះហត្ថលេខាឱ្យមានកិច្ចព្រមព្រៀង DTA កម្ពុជា-ហ្វីលីពីន គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាល នីតិកាលទីប្រាំពីរ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពស្វាហាប់ និងវាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានស្របតាមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ទន្ទឹមនឹងនេះដែរ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងនេះ ជាមួយបណ្តាប្រទេសដៃគូមួយចំនួនទៀតដូចជា ជប៉ុន ម៉ារ៉ុក អេមីរ៉ាតអារ៉ាប់រួម បារាំង និងកាតា ជាដើម៕