Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនដ៏ធំមួយ ចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគ ក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា

11-02-2025 14:27

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំសហការី ទទួលជួបពិភាក្សាការងារជាមួយ លោក Daniel Spitzer ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Mountain Hazelnuts និងលោក Andreas Groetschel អគ្គនាយកក្រុមហ៊ុន Kamya ក្នុងគោលបំណងពិភាក្សា អំពីកាលានុវត្តភាពវិនិយោគ ក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេស ឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។

នាឱកាសនេះ លោកអគ្គលេខាធិការ បានថ្លែងអំណរគុណដល់វិនិយោគិន ដែលបានចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគ ក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ព្រមទាំងបានជម្រាបជូន អំពីការគាំទ្រ និងការលើកទឹកចិត្តនានា របស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគ ក្នុងវិស័យនេះ ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផល នៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ បានបង្ហាញជូនពីខ្សែច្រវាក់តម្លៃ នៃឧស្សាហកម្មស្វាយចន្ទី ដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។

ក្នុងន័យនេះ លោកអគ្គលេខាធិការ បានស្នើឱ្យក្រុមហ៊ុនមេត្តាពិនិត្យលទ្ធភាព ចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃ ព្រមទាំងបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនបន្តសិក្សាសមិទ្ធិលទ្ធភាព នៃការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕