(បាងកក)៖ នាយកដ្ឋានកសិកម្មរបស់ប្រទេសថៃបានឱ្យដឹងថា ប្រទេសថៃបានកប់ចោលទុរេនចំនួន ៦៥,៧តោន បន្ទាប់ពីទុរេនទាំងនោះត្រូវបានច្រានចោលដោយប្រទេសចិនដោយសារមានប្រឡាក់សារធាតុពុលពណ៌លឿង។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា នាយកដ្ឋានកសិកម្មថៃកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថា ផ្លែទុរេនមានផ្ទុកសារធាតុគីមីពណ៌លឿន Basic Yellow 2 បន្ទាប់ពីបានធ្វើតេស្តដោយខ្លួនឯង។

សារធាតុពណ៌លឿនគីមី Basic Yellow 2 ត្រូវបានគេប្រើជាញឹកញាប់ដើម្បីបង្កើនពណ៌របស់ទុរេន។ ក្រុមហ៊ុននាំចេញខ្លះត្រូវបានគេជឿថាបានជ្រលក់ផ្លែទុរេនទៅក្នុងសារធាតុគីមីពណ៌លឿងនេះដើម្បីធ្វើឱ្យទុរេនមើលទៅដូចទុំនិងមានលឿងល្អ។

ប្រទេសថៃបានផ្អាកចេញអាជ្ញាប័ណ្ណនាំចេញទៅឱ្យក្រុមហ៊ុនលក់ដុំទុរេនចំនួន២៦ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងការនាំចេញទុរេនដែលមានជ្រលក់សារធាតុគីមីប្រភេទនេះ។ ក្រសួងកសិកម្មថៃក៏នឹងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្តីពីការនាំចេញទុរេនរបស់ខ្លួនផងដែរដើម្បីការពារការកើតឡើងករណីនេះនាពេលអនាគត។

ការរកឃើញទុរេនដែលមានប្រឡាក់ថ្នាំជ្រលក់នេះបានជំរុញឱ្យប្រទេសចិនអនុវត្តការធ្វើតេស្តនៅមន្ទីរពិសោធន៍រកមើលសារធាតុពណ៌លឿងនៅលើទុរេនដែលបាននាំចូលទាំងអស់ រួមទាំងផ្លែទុរេនដែលនាំចូលពីប្រទេសវៀតណាមផងដែរ។

មានតែមន្ទីរពិសោធដែលត្រូវបានអនុម័តដោយប្រទេសចិនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យធ្វើតេស្ត ហើយការពន្យារពេលរបស់ប្រទេសចិនក្នុងការទទួលស្គាល់មន្ទីរពិសោធធ្វើតេស្តរបស់ប្រទេសវៀតណាមបានបណ្តាលឱ្យការនាំចេញទុរេនជាច្រើនត្រូវបានជាប់គាំងនៅក្នុងខែមករា។ នៅចុងខែមុន ប្រទេសចិនបានអនុម័តបញ្ជីឈ្មោះមន្ទីរពិសោធចំនួនប្រាំបួន ដែលចំនួននេះបានធ្វើក្រុមហ៊ុននាំចេញមិនអាចធ្វើតេស្តផលិតផលរបស់ខ្លួនបានទាន់ពេលវេលា។

វៀតណាមកំពុងចរចាយ៉ាងសកម្មជាមួយចិន ដើម្បីពង្រីកចំនួនបញ្ជីមន្ទីរពិសោធដែលត្រូវបានអនុម័តបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការបំពេញបែបបទឯកសារបញ្ចេញទំនិញពីគយឱ្យកាន់តែរលូន។

ប្រទេសចិនបាននាំចូលទុរេនក្នុងតម្លៃ ៦,៩៩ពាន់លានដុល្លារកាលពីឆ្នាំមុនដោយ ៥៧% មកពីប្រទេសថៃ និងវៀតណាមមានចំណែក ៤១,៥%។ នេះបើយោងតាមកាសែត VN Express៕