(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករ និងជាអ្នកនាំចេញអង្ករទីផ្សារអន្តរជាតិ បានប្រាប់ពីប្រភេទពូជស្រូវក្នុងស្រុកមួយចំនួន ដែលមានទីផ្សារល្អសម្រាប់ឆ្នាំ២០២៥នេះ ដែលកសិករ និងសហគមកសិកម្ម គួរតែពិចារណាក្នុងការដាំដុះ។
លើកឡើង នៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ការតម្រង់ទិសផលិតកម្មស្រូវរបស់កម្ពុជា, តើប្រភេទស្រូវអ្វី ដែលមានឱកាសទីផ្សារល្អ?» ឧកញ៉ា ចាន់ សុឃាំង បានឱ្យដឹងថា ពូជស្រូវសក្តានុពលទាំងនោះរួមមាន ពូជស្រូវសែនក្រអូប ចំប៉ីស៧០ និងស្រងែ។
លោកបានលើកឡើងថា ពូជស្រូវទាំងនេះ នៅតែរក្សាបាននូវតម្លៃល្អ ដែលធ្វើឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្មរបស់ខ្លួន បើទោះបីជាតម្លៃស្រូវផ្សេងទៀតធ្លាក់ចុះក៏ដោយ។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានកត់ត្រាតម្លៃស្រូវនៅក្នុងសប្តាហ៍នេះ បានឱ្យដឹងថា តម្លៃស្រូវសែនក្រអូប មានតម្លៃប្រមាណ១៣០០រៀលក្នុងមួយគីឡូក្រាម ចំប៉ីស៧០ មានតម្លៃ១០៧០រៀលក្នុងមួយគីឡូក្រាម និង ស្រងែ មានតម្លៃ៩៦០ រៀលក្នុងមួយគីឡូក្រាម ខណៈអូអឹម មានតម្លៃចន្លោះពី៧៥០ទៅជាង៨០០រៀលរៀលក្នុងមួយគីឡូក្រាម និងអ៊ីអ៊ែ មានតម្លៃជាង៧០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ៕