(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករ បានលើកឡើងថា ហិរញ្ញប្បទានពិសេស និងការជួយធានាឥណទានរបស់រាជរដ្ឋាភិបាល បានជួយបើកច្រកកាន់តែធំឱ្យរោងម៉ាស៉ីនកិនស្រូវ កាន់តែមានសមត្ថភាព លទ្ធភាព ទិញស្រូវពីកសិករបានកាន់តែច្រើនជាងមុន។
ការលើកឡើងរបស់លោកឧកញ៉ា ចាន់ សុឃាំង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការតម្រង់ទិសផលិតកម្មស្រូវរបស់កម្ពុជា, តើប្រភេទស្រូវអ្វី ដែលមានឱកាសទីផ្សារល្អ?»។
លោក ឧកញ៉ា ចាន់ សុឃាំង បានថ្លែងថា «អំឡុងពេលថ្មីៗកន្លងមកនេះ មានការផ្ដល់ហិរញ្ញប្បទានពិសេសចំនួន៣០លានដុល្លារ ដើម្បីត្រៀមអន្ដរគមន៍ក្នុងរក្សាតម្លៃស្រូវ របស់ប្រជាកសិករឲ្យមានស្ថេរភាព កន្លងមកឥណទានពិសេសក៏ធ្លាប់ទម្លាក់កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ដើម្បីតម្រង់ទិសរក្សាតម្លៃកសិផលដែលជាពូជស្រូវរបស់កម្ពុជាយើង គឺស្រូវសែនក្រអូន និងរំដួល។ ចំពោះ ៣០លានដុល្លារហិរញ្ញប្បទានពេលក្រោយនេះ គឺសម្រាប់អន្ដរាគមន៍រក្សាតម្លៃក្នុងការរដូវច្រូតកាត់ ហើយអ្វីដែលជាព័ត៌មានល្អមួយទៀតនោះ គឺសម្តេចបវរធិបតី បានប្រកាសអំពីជួយគាំទ្របន្ថែមទៀតចំនួន១៥០លានដុល្លារ សម្រាប់ធានាឥណទានដល់ធនាគារឯកជន»។
លោកឧកញ៉ាបានបន្ថែមថា «ចំពោះប្រាក់ធានាឥណទាន ១៥០លានដុល្លារបន្ថែមនេះ គឺជាការតម្រង់ទិសយកទុនបន្ថែម ពីធនាគារពាណិជ្ជ ដើម្បីឲ្យយើងមានទុនបន្ថែម ពង្រឹងលទ្ធភាពក្នុងការទិញស្រូវពីប្រជាកសិករច្រើនជាងមុន។ ដូច្នេះក្នុងនេះខ្ញុំសរុបជារួមថា ក្នុងឆ្នាំ២០២៥នេះយើងឃើញថា សហព័ន្ធស្រូវអង្ករកម្ពុជានឹងមានសមត្ថភាព លទ្ធភាពហិរញ្ញវត្ថុ ក្នុងការទិញស្រូវពីប្រជាកសិករមានទំហំច្រើនជាងមុន ដោយសារតែទុនហិរញ្ញវត្ថុនេះ មានច្រកជាច្រើនដែលអាចខ្ចី ដើម្បីប្រមូលទិញស្រូវពីរោងម៉ាស៊ីនកិនស្រូវ»។
លោកឧកញ៉ាបានបន្ដថា កន្លងមកយើងមានការលំបាកមួយចំនួន ពីរោងម៉ាស៊ីនកិនស្រូវ ចំពោះការខ្ចីពីធនាគារពាណិជ្ជ ដោយសារតែធនាគារត្រូវការទ្រព្យបញ្ចាំ ភាគច្រើនធនាគារត្រូវការរោងម៉ាស៊ីន និងដី។ ដូច្នេះក្នុងឆ្នាំ២០២៥នេះ នឹងមានការឧបត្ថម្ភទុន ក្នុងការខ្ចីទិញស្រូវនេះមានទំហំធំជាងមុន នេះជារបត់ថ្មីមួយទៀត ដែលផ្ដល់លទ្ធភាពបន្ថែមដល់រោងម៉ាស៊ីនកិនស្រូវ និងសហព័ន្ធស្រូវអង្ករទាំងអស់ មានលទ្ធភាពបន្ថែមទៀត ក្នុងការប្រមូលស្ដុកឲ្យអស់ពីលទ្ធភាព៕
សូមស្តាប់ការលើកឡើងរបស់ឧកញ៉ា ចាន់ សុឃាំង៖