(ហាណូយ)៖ វៀតណាមបានអនុម័តជាផ្លូវការ នូវផែនការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ក្នុងគោលបំណងដាក់ដំណាក់ការម៉ាស៊ីនរ៉េអាក់ទ័រ នៅទសវត្សរ៍ក្រោយ ដែលជាយុទ្ធសាស្ត្រប្រកបដោយមហិច្ឆិតា ដើម្បីលើកសន្តិសុខថាមពល និងសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលថា វៀតណាមបានដាក់ឱ្យអនុវត្តក្របខ័ណ្ឌបទប្បញ្ញត្តិមួយ និងផែនការនានាដើម្បីកសាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ ដែលត្រូវការដើម្បីអភិវឌ្ឍថាមពលអាតូមិច នៅឆ្នាំ២០៣០។

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្នើឱ្យមានរោងចក្រថាមពលនុយក្លេអ៊ែរ យ៉ាងហោចណាស់មួយដំណើរការ នៅចន្លោះឆ្នាំ២០៣១ ដល់២០៣៥ ស្ថិតក្រោមសេចក្តីព្រាងផែនការដែលត្រូវបានកែសម្រួលមួយ ស្តីពីអភិវឌ្ឍន៍ថាមពលទី VIII (PDP8) ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ក្រសួងក្នុងសប្តាហ៍នេះ សម្រាប់ការពិគ្រោះយោបល់។ កំណែដែលបានកែសម្រួលឡើងវិញនៃ PDP8 នេះនឹងត្រូវបញ្ជូនបន្តសម្រាប់ការអនុម័តនៅថ្ងៃទី២៨ ខែកុម្ភៈ។

វៀតណាមគឺជាប្រទេសចុងក្រោយគេ ដែលកំពុងស្វែងរកថាមពលនុយក្លេអ៊ែរ ដែលផ្តល់ថាមពលអគ្គិសនីដោយគ្មានកាបូន និងអាចជួយកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលដែលត្រូវបាននាំចូល។ ទោះយ៉ាងណាក៏ដោយ ប្រទេសនានារាប់ចាប់ពីប្រទេសបារាំង រហូតដល់សហរដ្ឋអាមេរិកបាន និងកំពុងជួបការលំបាកក្នុងការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនេះ ឱ្យបានទាន់ពេលវេលាដោយសារបញ្ហាថវិកា ហើយមហិច្ឆតារបស់វៀតណាមអាចនឹងបរាជ័យ។ នេះបើយោងតាម Bloomberg៕