(ម៉ានីល)៖ ក្រុមហ៊ុននាំចូលអង្ករនៅប្រទេសហ្វីលីពីនបានពន្យារពេលទិញអង្ករវៀតណាមដែលមានចំនួនប្រហែល ៣៥០ ០០០តោន និងកំពុងស្ថិតក្នុងដំណើរការចរចាឡើងវិញបន្ទាប់ពីតម្លៃធ្លាក់ចុះខ្លាំង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់មកពីក្រុមហ៊ុនជួញដូរអង្ករអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបាននិយាយថា៖ «តម្លៃអង្ករវៀតណាមធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ»។ នាយកប្រតិបត្តិរូបនេះបានបន្ថែមថា៖ «ឥឡូវអ្នកទិញមិនព្រមទទួលយកអង្ករដែលមានតម្លៃថ្លៃនោះទេ»

ប្រភពចំនួនពីរមកពីវិស័យអង្ករត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា ក្រុមហ៊ុននាំចូលអង្ករបានចុះកិច្ចព្រមព្រៀងក្នុងតម្លៃប្រហែល ៦២០ដុល្លារក្នុងមួយតោនតម្លៃនៅកំពង់ផែសម្រាប់អង្ករក្រអូបវៀតណាមកាលពីចុងឆ្នាំមុន ប៉ុន្តែឥឡូវនេះតម្លៃបានធ្លាក់ចុះមកនៅប្រហែល ៥០០ដុល្លារក្នុងមួយតោន។

ប្រភពទីពីរមកពីក្រុមហ៊ុនជួញដូរអង្ករអន្តរជាតិក្នុងទីក្រុងបាងកកបាននិយាយថា៖ «ករណីនេះកំពុងកើតឡើងនៅមុនពេលការប្រមូលផលថ្មីចាប់ផ្តើមនៅប្រទេសវៀតណាម»។ ប្រភពដដែលបានបន្ថែមថា៖ «វាជារឿងចលាចលដ៏ធំមួយចំពោះក្រុមហ៊ុននាំចេញអង្ករវៀតណាម ដោយសារកិច្ចព្រមព្រៀងមួយចំនួនអាចក្លាយបរាជ័យ»

នៅដើមសប្តាហ៍នេះ ប្រទេសហ្វីលីពីនក្នុងចំណោមប្រទេសនាំចូលអង្ករធំជាងគេលើពិភពលោកបានប្រកាសអាសន្នសន្តិសុខស្បៀងដើម្បីកាត់បន្ថយតម្លៃអង្ករ ដែលខ្លួនបាននិយាយថាបានបន្តកើនឡើងបើទោះបីជាតម្លៃពិភពលោកធ្លាក់ចុះ និងមានការកាត់បន្ថយពន្ធលើអង្ករកាលពីឆ្នាំមុនក៏ដោយ។

តម្លៃអង្ករពិភពលោកបានធ្លាក់ចុះចាប់តាំងពីប្រទេសឥណ្ឌាបានបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញអង្ករនៅក្នុងខែកញ្ញា និងខែតុលា។ តម្លៃឥណ្ឌាក្នុងសប្តាហ៍នេះបានធ្លាក់ចុះទាបបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ខណៈតម្លៃវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២៕