(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងចំនួន៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ជាមួយនឹងទំហំបុព្វលាភដុលជាង៣៧០លានដុល្លារអាម៉េរិក។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៊ូ ច័ន្ទភីរូ អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រង ចំនួន៤០កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ជាមួយនឹងទំហំបុព្វលាភដុល ជាង៣៧០លានដុល្លារអាម៉េរិក និងទ្រព្យសកម្មសរុបជាង ១.២ប៊ីលានដុល្លារអាម៉េរិក»។
បន្ថែមពីនោះទៀត លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងថា ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងទាំង៤០ ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជានេះ មានផលិតផលសម្បូរបែបមានជាអាទិ៍៖
* ផលិតផលធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រង ទ្រព្យសម្បត្តិ, ធានារ៉ាប់រងភារៈទទួលខុសត្រូវធានារ៉ាប់រងយានយន្ត, ធានារ៉ាប់រងភារៈ ទទួល-ខុសត្រូវការដ្ឋាន រហូតដល់ធានារ៉ាប់រងខ្នាតតូច សម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។
យ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០២៤ ទំហំទីផ្សារនេះ បានរួមចំណែកក្នុងសេដ្ឋកិច្ចតែប្រមាណ ១.១៧% ប៉ុណ្ណោះ ដោយមនុស្សម្នាក់ប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណជាង ២២ដុល្លារអា-ម៉េរិក។ នេះជាការបញ្ជាក់បន្ថែម របស់លោក ប៊ូ ច័ន្ទភីរូ។
លោក ប៊ូ ច័ន្ទភីរូ បានគូសបញ្ជាក់ថា ការណ៍នេះ ក៏បានបង្ហាញឱ្យឃើញថា ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជា មានកម្រិតទាបបើធៀបនឹងទីផ្សារនានាក្នុងតំបន់ ដែលបណ្តាលមកពីកត្តាមួយចំនួន ដូចជា៖
* កង្វះខាតការយល់ដឹង របស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះការយល់ដឹង របស់ស្ថាប័នមានសមត្ថកិច្ច អំពីការធានារ៉ាប់រងជាកាតព្វកិច្ច ដែលការណ៍នេះ បណ្តាលឱ្យកិច្ច-សហការអនុវត្តការធានារ៉ាប់រង ជាកាតព្វកិច្ចមិនទាន់សកម្ម និងមុតស្រួច ដូចដែលបានកំណត់ ដោយច្បាប់ជាធរមាន៕