(អារ៉ាប៊ីសាអូឌីត)៖ លោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារ លោកបណ្ឌិត ម៉ាជីត ប៊ីន អាប់ឌុលឡា អាល់កាសាប៊ី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានពិភាក្សាអំពីការរឹតចំណង និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងធុរកិច្ច ព្រមទាំងការអនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់ នូវការអនុវត្តអនុស្សរណៈនៃការយោគយល់ ស្តីពី ការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ដែលត្រូវបានចុះហត្ថលេខា ក្នុងអំឡុងទស្សនកិច្ចនេះ។
បន្ទាប់មកលោកស្រីចម និម្មល ក៏បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Ibrahim Al-Mubarak អនុរដ្ឋមន្រ្តីក្រសួងវិនិយោគ នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត។ ជំនួបនេះរៀបចំឡើង ក្នុងគោលបំណងជម្រាប ពីកាលានុវត្តភាពក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគី និងគោលនយោបាយទាក់ទាញការវិនិយោគរវាងប្រទេសទាំងពីរ។
លោកស្រី ចម និម្មល បានបន្ដអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត ម៉ាជីត ប៊ីន អាប់ឌុលឡា អាល់កាសាប៊ី (Majid Bin Abdullah Alkasabi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅរាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
ក្នុងឱកាសនោះ លោកស្រី ចម និម្មល បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត Hisham bin Saad Aljadhey នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត។
ក្នុងថ្ងៃដដែលនោះ លោកស្រីរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយលោក Bader Alrebdi អនុប្រធាននៃលេខាធិការដ្ឋានគណៈកម្មាធិការនាំចេញ នៃអាជ្ញាធរទទួលបន្ទុក ការអភិវឌ្ឍការនាំចេញរបស់អារ៉ាប៊ីសាអូឌីត ផងដែរ៕