(ហ្សាការតា)៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើង ៥,០៣ភាគរយក្នុងឆ្នាំ២០២៤ ប្រហាក់ប្រហែលនឹងអត្រាឆ្នាំមុននិងស្របតាមការរំពឹងទុក ប៉ុន្តែកំណើននេះគឺជាអត្រាយឺតបំផុតក្នុងរយៈពេលបីឆ្នាំ ដែលបង្កើនក្តីសង្ឃឹមថានឹងមានការចាត់វិធានការជំរុញបន្ថែម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះមានប្រហែល ៥ភាគរយគិតចាប់តាំងពីកើតមានជំងឺរាតត្បាតកូវីដ-១៩ ដែលជាល្បឿនដ៏រឹងមាំមួយ ប៉ុន្តែស្ថិតនៅឆ្ងាយពីគោលដៅរបស់លោកប្រធានាធិបតីថ្មី Prabowo Subianto ដែលមាន ៨ភាគរយក្នុងអាណត្តិរបស់គាត់រហូតដល់ឆ្នាំ២០២៩។ នៅឆ្នាំ២០២៣ សេដ្ឋកិច្ចឥណ្ឌូណេស៊ីកើនឡើង ៥,០៥ភាគរយ។

ក្រុមអ្នកវិភាគបានចង្អុលបង្ហាញពីកាតាលីករកំណើនវិជ្ជមានមួយចំនួន រួមទាំងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលចំនួន ៥០ពិន្ទុមូលដ្ឋានគិតចាប់តាំងពីខែកញ្ញាមក និងវិធានការលើកទឹកចិត្តរបស់រដ្ឋាភិបាលដូចជាការកាត់បន្ថយពន្ធលើអចលនទ្រព្យ និងប្រាក់ឈ្នួលអប្បបរមាខ្ពស់។

ទីភ្នាក់ងារព័ត៌មានរ៉យបានរាយការណ៍ដោយដកស្រង់ទិន្នន័យស្ថិតិឥណ្ឌូណេស៊ីបានបង្ហាញថា កាលពីឆ្នាំមុន កំណើនសេដ្ឋកិច្ចត្រូវបានជំរុញដោយការចំណាយសម្រាប់យុទ្ធនាការនយោបាយ និងការបោះឆ្នោត ក៏ដូចជាការកើនឡើងការវិនិយោគ ដែលជួយប៉ះប៉ូវដល់ការធ្លាក់ចុះការនាំចេញសុទ្ធ។ កំណើនវិនិយោគក្នុងឆ្នាំ២០២៤ ដែលមានអត្រា ៤,៦១ភាគរយគឺជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំមួយឆ្នាំ៕