(សៀងហៃ)៖ លោក Liang Hua ប្រធានក្រុមហ៊ុន Huawei បាននិយាយកាលពីថ្ងៃពុធថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះមានច្រើនជាង ៨៦០ពាន់លានយន់ (១១៨,៧ពាន់លានដុល្លារ) កាលពីឆ្នាំមុន ខណៈដែលអាជីវកម្មទំនិញប្រើប្រាស់របស់ខ្លួនបានវិលត្រឡប់មករកកំណើនវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៨៦០ពាន់លានយន់នេះធ្វើឱ្យក្រុមហ៊ុនទទួលបានកំណើន ២២ភាគរយធៀបនឹងឆ្នាំ ២០២៣ នៅពេលដែលក្រុមហ៊ុនបានរាយការណ៍ថាមានប្រាក់ចំណូលចំនួន ៧០៤,២ពាន់លានយន់។ ក្រុមហ៊ុន Huawei ក៏បានកត់ត្រាថាជាកំណើនលឿនបំផុតរបស់ខ្លួនក្នុងរយៈពេល ៤ឆ្នាំផងដែរនៅឆ្នាំនោះ។

បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Liang បានថ្លែងថា៖ «នៅឆ្នាំ២០២៤ ប្រតិបត្តិការរួមរបស់ក្រុមហ៊ុន Huawei នឹងឆ្លើយតបតាមការរំពឹងទុក ហេដ្ឋារចនាសម្ព័ន្ធ ICT នឹងនៅតែមានស្ថិរភាព អាជីវកម្មទំនិញប្រើប្រាស់នឹងត្រលប់មករីកចម្រើនវិញ ហើយអាជីវកម្មដំណោះស្រាយរថយន្តឆ្លាតវៃនឹងអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងប្រាក់ចំណូលពីការលក់ប្រចាំឆ្នាំលើសពី ៨៦០ពាន់លានយន់»

អាជីវកម្មទំនិញប្រើប្រាស់របស់ក្រុមហ៊ុន Huawei បានវិលត្រលប់មករកភាពរីកចម្រើនវិញយ៉ាងខ្លាំងចាប់តាំងពីខែសីហា ឆ្នាំ២០២៣ នៅពេលដែលអាជីវកម្មនេះបានដាក់បង្ហាញទូរស័ព្ទថ្មីជាមួយនឹងបន្ទះឈីបដែលផលិតក្នុងស្រុកដែលប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន អាជីវកម្មនេះបានដណ្តើមយកចំណែកទីផ្សារស្មាតហ្វូនរបស់ចិនចំនួន ១៦ភាគរយ ដោយវ៉ាដាច់ក្រុមហ៊ុន Apple៕