(សៀងហៃ)៖ ប្រធានក្រុមហ៊ុន Huawei បានឱ្យដឹងនៅពុធថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានកើនលើស៨៦០ពាន់លានយ័ន (១១៨.២៧ពាន់លានដុល្លារ) កាលពីឆ្នាំមុន, ខណៈក្រុមហ៊ុនបានបន្តរងផលរំខាន ពីផលប៉ះពាល់នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយអាជីវកម្មអ្នកប្រើប្រាស់របស់ក្រុមហ៊ុន បានវិលត្រឡប់ទៅរកកំណើនវិញ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Liang Hua បានលើកឡើងដូច្នេះ នៅក្នុងវេទិកាមួយ នៅទីក្រុង Guangzhou។

«ក្នុងឆ្នាំ២០២៤, ប្រតិបត្តិការរួមរបស់ក្រុមហ៊ុន Huawei នឹងបំពេញទៅតាមការរំពឹងទុក, ហេដ្ឋារចនាសម្ព័ន្ធ ICT នឹងនៅតែមានស្ថិរភាព, អាជីវកម្មអ្នកប្រើប្រាស់ នឹងត្រឡប់មករកភាពរីកចម្រើនវិញ ហើយអាជីវកម្មដំណោះស្រាយរថយន្តឆ្លាតវៃ នឹងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងប្រាក់ចំណូលលក់ប្រចាំឆ្នាំ មានលើស៨៦០ពាន់លានយ័ន», នេះបើតាមសម្តីលោក Liang បានលើកឡើង។

អាជីវកម្មអ្នកប្រើប្រាស់របស់ Huawei មានភាពរឹងមាំត្រឡប់មកវិញ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣, នៅពេលដែលក្រុមហ៊ុន បានចេញលក់ទូរស័ព្ទថ្មី ជាមួយនឹងបន្ទះឈីបផលិតឡើងក្នុងស្រុក ដែលប្រឆាំងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

កាលពីឆ្នាំ២០២៤, Huawei បានដណ្តើមយកចំណែកទីផ្សារទូរស័ព្ទស្មាតហ្វូនរបស់ចិន ចំនួន១៦ភាគរយ, វ៉ាដាច់ក្រុមហ៊ុន Apple។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន Canalys៕