ចិនប្រកាសចាត់វិធានការប្រឆាំងក្រុមហ៊ុន Google និងក្រុមហ៊ុនអាមេរិកផ្សេងទៀត ខណៈភាពតានតឹងពាណិជ្ជកម្មកើនឡើង (Video inside)
05-02-2025 08:34
(ប៉េកាំង)៖ រដ្ឋបាលបទប្បញ្ញត្តិទីផ្សាររបស់ប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុន Google ត្រូវបានសង្ស័យថាបានបំពានច្បាប់ប្រឆាំងអាជីវកម្មផ្តាច់មុខរបស់ប្រទេសចិន ហើយការស៊ើបអង្កេតមួយត្រូវបានផ្តួចផ្តើមឡើងស្របតាមច្បាប់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មិនមានការផ្តល់ព័ត៌មានលម្អិតបន្ថែមលើការស៊ើបអង្កេតនេះ ឬអំពីមូលហេតុដែលឈានទៅរកការចោទប្រកាន់ថាក្រុមហ៊ុន Google ថាបានរំលោភបំពានច្បាប់នោះដែរ។
ផលិតផលរបស់ក្រុមហ៊ុន Google ដូចជាម៉ាស៊ីនរករក ត្រូវបានរាំងខ្ទប់នៅក្នុងប្រទេសចិន ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុនអាមេរិកមួយនេះនៅប្រទេសចិនមានប្រហែល ១ភាគរយនៃការលក់ទូទាំងពិភពលោក។ ទោះយ៉ាងណា ក្រុមហ៊ុន Google នៅតែដំណើរការជាមួយដៃគូនានារបស់ខ្លួនក្នុងប្រទេសចិន ដូចជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជាដើម។
នៅក្នុងហេតុការណ៍ដោយឡែកមួយផ្សេងទៀត ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ខ្លួនបានដាក់ក្រុមហ៊ុន PVH Corp ដែលជាក្រុមហ៊ុនជាម្ចាស់ម៉ាកយីហោល្បីៗ ដូចជា Calvin Klein និង Tommy Hilfiger និងក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Illumina ទៅក្នុងបញ្ជី «អង្គភាពមិនគួរឱ្យទុកចិត្ត» របស់ខ្លួន។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមហ៊ុនពាណិជ្ជកម្មចិនបាននិយាយថា ក្រុមហ៊ុនទាំងពីរបានចាត់វិធានការដែលត្រូវបានហៅថាជា «វិធានការរើសអើងប្រឆាំងនឹងសហគ្រាសចិន» និង «ធ្វើឱ្យខូច» សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។
ក្រុមហ៊ុនដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅនេះអាចប្រឈមនឹងការផាកពិន័យ និងការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយផ្សេងទៀត រួមទាំងការបង្កកពាណិជ្ជកម្ម និងការដកហូតប័ណ្ណការងារសម្រាប់បុគ្គលិកបរទេសផងដែរ៕