(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ ការនាំចេញបន្ទះសូឡាពីកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ សម្រេចបានទឹកប្រាក់ជាង ៨៣០លានដុល្លារ ធ្លាក់ចុះ ៦០ភាគរយ។

កត្តាដែលនាំឲ្យការនាំចេញបន្ទះសូឡាធ្លាក់ចុះនេះ អាចបណ្ដាលមកពីការបញ្ជាទិញមានការថយចុះ បន្ទាប់ពីមានការរឹតបន្តឹងលើការនាំចេញផលិតផលនេះ ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

នៅឆ្នាំ២០២៤ កម្ពុជានាំចេញបន្ទះសូឡាគិតជាទឹកប្រាក់ចំនួន ៨៣០លានដុល្លារ ធ្លាក់ចុះ ៥៩.៩៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានចំនួន ២ ០៧៣.១៤លានដុល្លារ។ ក្នុងនោះការនាំចេញបន្ទះសូឡាពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកធ្លាក់ចុះចំនួន ៦១.៥២ភាគរយ គិតជាទឹកប្រាក់មានចំនួន ១ ១១២.៩៦លានដុល្លារ។

បណ្ឌិត ​ហុង វណ្ណៈ ​អ្នកជំនាញ​សេដ្ឋកិច្ចនៃ​រាជបណ្ឌិត្យសភា​កម្ពុជា បានថ្លែងឲ្យដឹងថា ការធ្លាក់ចុះនៃការនាំចេញបន្ទះសូឡា ទៅកាន់សហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុបនេះ គឺបណ្ដាមកពីការថមថយនៃតម្រូវការ ក្នុងនោះមិនមែនមានតែកម្ពុជាទេ ដែលនាំចេញបន្ទះសូឡាធ្លាក់ចុះ បណ្ដាប្រទេសផ្សេងៗដូចជាថៃ វៀតណាមជាដើម ក៏មានការនាំចេញធ្លាក់ចុះផងដែរ។

លោកបណ្ឌិតបានបន្ដថា «នៅក្នុងឆ្នាំ២០២៤ ការនាំចេញបន្ទះសូឡាមានការធ្លាក់ចុះ ដោយសារតម្រូវការមានការថយចុះ ព្រោះផ្អែកលើកត្តាអាកាសធាតុមានការត្រជាក់ខ្លាំង មិនមានពន្លឺថ្ងៃគ្រប់គ្រាន់ ដូច្នេះមិនចាំបាច់ត្រូវការប្រើប្រាស់សូឡា ព្រោះថាសូឡាត្រូវការពន្លឺថ្ងៃ ដើម្បីប្រើប្រាស់ពេលយប់ ដូច្នេះនៅពេលអាកាសធាតុត្រជាក់ ធ្វើឲ្យសូឡាមិនអាចទទួលបានកំដៅថ្ងៃ បានគ្រប់គ្រាន់នោះឡើយ​ ដែលមិនអាចឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់នោះឡើយ»

លោកបណ្ឌិតបានបញ្ជាក់ថា កត្តាសំខាន់មួយទៀតនោះ គឺប្រទេសដែលកំពុងមានតម្រូវការសូឡានេះ គេបង្កើតផលិតកម្មដោយខ្លួនឯង ដោយមិនចាំបាច់នាំចូលច្រើនដូចមុនឡើយ មិនថាសហរដ្ឋអាមេរិកក្ដី អឺរ៉ុបក្ដី បច្ចុប្បន្នប្រទេសទាំងអស់ កំពុងតែស្ថិតក្នុងដំណាក់កាលសន្សំសំចៃ បង្កើនសេដ្ឋកិច្ចតាមរយៈការបង្កើនផលិតកម្មដោយខ្លួនឯង។

លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់បន្ថែមថា «ការធ្លាក់ចុះនៃការនាំចេញបន្ទះសូឡានេះ ក៏មានការរួមចំណែកពីរឹតបន្ដឹងនៃការដឡើងពន្ធផ្សេងៗ ជាហេតុធ្វើឲ្យការកម្មង់ទិញមួយចំនួន ត្រូវបានកាត់បន្ថយ ដូច្នេះការបញ្ជាទិញ គឺទិញតែផលិតផលណាដែលចាំបាច់ប៉ុណ្ណោះ»

បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ឲ្យដឹងថា កន្លងមកកម្ពុជានាំចេញបន្ទះសូឡា ទៅសហរដ្ឋអាមេរិក គឺមិនជាប់ពន្ធនោះទេ ពោលគឺគិតតាមអត្រាពន្ធ MFN ដែលស្ថិតក្នុងត្រាពន្ធសូន្យ។ តែទោះជាយ៉ាងណា កម្ពុជាគឺជាប្រទេសដែលផលិត និងនាំចេញបន្ទះសូឡា ទៅសហរដ្ឋអាមេរិកតិចជាងគេ បើធៀបនឹងប្រទេស ម៉ាឡេស៊ី ថៃ វៀតណាម។

ការអនុគ្រោះពន្ធនេះ គឺមានរយៈពេលតែ២៤ខែប៉ុណ្ណោះ គឺនៅឆ្នាំ២០២២ និងបញ្ចប់នៅចុងឆ្នាំ២០២៣។ ដូច្នេះនៅឆ្នាំ២០២៤ ការនាំចេញបន្ទះសូឡា លែងមានការអនុគ្រោះពន្ធ ក៏ជាផ្នែកមួយនាំឱ្យការនាំចេញធ្លាក់ចុះផងដែរ៕