(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ ឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន លីហ្វ៊ូដ និងលោក ហ្គារេត តាន់ នាយកគ្រប់គ្រងទូទៅ ព្រមទាំងសហការី បានចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីគម្រោង ក្នុងការវិនិយោគបង្កើតរោងចក្រផលិតសាច់មាន់នៅកម្ពុជា។

ក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រតិភូ បានធ្វើការផ្លាស់ប្តូរយោបល់ និងផ្តល់នូវអនុសាសន៍មួយចំនួន ដល់ថ្នាក់ដឹកនាំក្រុមហ៊ុន លីហ្វ៊ូដ។

លោកបណ្ឌិតប្រតិភូ ក៏សូមឲ្យក្រុមហ៊ុនធ្វើយ៉ាងណា ដើម្បីសហការផលិតជាមួយកសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុក និងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋកម្ពុជានូវសាច់មាន់ ដែលប្រកបដោយគុណភាព អនាម័យ និងតម្លៃសមរម្យ ដែលអាចធ្វើទៅបាន ថែមទាំងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ស្របតាមចក្ខុវិស័យរបស់ធនាគារ ARDB និងក្រោមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ក្នុងការលើកកម្ពស់ផលិតផលកសិកម្ម។

សូមបញ្ជាក់ថា ក្រុមហ៊ុន លីហ្វ៊ូដ បានបើកដំណើរការតាំងពីឆ្នាំ២០១០ ហើយក៏ជាក្រុមហ៊ុនដែលនាំមុខគេមួយ ក្នុងចំណោមក្រុមហ៊ុនធំៗដែលនាំចូល និងចែកចាយ ក្នុងវិស័យម្ហូបអាហារ៕