(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ ៥០៣.៧៩លានដុល្លារ កើនឡើង៣១.៦៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន៨៥ម៉ឺនតោន កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក បន្ទាប់ពីប្រទេសកូឌឺវ័រ។
តែយ៉ាងនេះក្តី លោកបានលើកឡើងថា បើទោះបីជា ការផលិតគ្រាប់ស្វាយចន្ទីកើនឡើងក៏ដោយ ប៉ុន្តែការកែច្នៃនៅក្នុងស្រុកហាក់មានការថយចុះ ដោយសារតម្លៃគ្រាប់ឆៅ ដែលនាំចេញទៅក្រៅប្រទេសមានតម្លៃខ្ពស់ ដែលជំរុញឱ្យកសិករ និងសហគ្រាសមួយចំនួនលក់គ្រាប់ឆៅទៅឱ្យឈ្មួញបរទេស។ ទន្ទឹមគ្នានេះ សហគ្រាសកែច្នៃក្នុងស្រុកមួយចំនួនទៀតថា មិនមានទុនបង្វិលគ្រប់គ្រាន់ សម្រាប់ប្រជែងទិញគ្រាប់ស្វាយចន្ទីស្តុកទុកកែច្នៃ។ ប៉ុន្តែបណ្តារោងចក្របរទេស ដូចជារោងចក្ររបស់ជប៉ុន ចិន បានបង្កើនការកែច្នៃ តែទោះជាយ៉ាងណាក្តីចំនួននេះ នៅមានតិចតួចនៅឡើយ។
យោងតាមតាមគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅជំរុញការកែច្នៃនាំចេញគ្រាប់ស្វាយចន្ទីឱ្យបាន ២៥% នៅឆ្នាំ២០២៧ និង៥០% នៅឆ្នាំ២០៣២។
លោក អួន ស៊ីឡុត បានលើកឡើងថា ការកែច្នៃនឹងមានការកើនឡើង បើសហគ្រាសកែច្នៃអាចទទួលកម្ចីទុនបង្វិលសម្រាប់ទិញគ្រាប់ស្វាយចន្ទីបានលឿន។ ដូចនេះហើយទើបលោក ស្នើឱ្យធនាគាររបស់រដ្ឋ SME Bank និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ភាពងាយស្រួលក្នុងការទម្លាក់កម្ចី ដល់សហគ្រាសកែច្នៃក្នុងស្រុក។
លោកបន្ថែមថា «រាជរដ្ឋាភិបាលបានជួយកសិករច្រើនហើយ នៅតែកសិករទេ ដែលត្រូវរួបរួមគ្នាដើរតាមបន្ទាត់របស់រាជរដ្ឋាភិបាល។ ហើយជាសំណូមពរជាចម្បង ដែលសមាគមតែងតែគិត គឺមានបីចំណុច ទី១. ចង់ឱ្យរាជរដ្ឋាភិបាលតាមរយៈធនាគាររដ្ឋ SME Bank ក៏ដូចជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជួយបញ្ចេញថវិកា ដើម្បីផ្តល់ជូនដល់សហគ្រាសក្នុងការទិញគ្រាប់កែច្នៃ ដែលទុនបង្វិលឱ្យទាន់ពេលវេលា ដើម្បីអាចមានលទ្ធភាពប្រជែងទិញគ្រាប់កែច្នៃ និងជួយទប់តម្លៃកសិផល កុំឱ្យឈ្មួញបរទេសទម្លាក់តម្លៃខ្លាំងពេក។ ទី២.ចង់ឱ្យរាជរដ្ឋាភិបាលពង្រីកសមត្ថភាពសហគ្រាស ផ្នែកធ្វើផែនការអាជីវកម្ម ផែនការហិរញ្ញវត្ថុ ដោយសារតែបច្ចុប្បន្នសហគ្រាសរបស់យើងនៅមានកម្រិត។ ទី៣.យើងសុំឱ្យរាជរដ្ឋាភិបាល លើកលែងពន្ធមួយចំនួនឱ្យដូចវិស័យស្រូវអង្ករ»។
បើតាមលោក អួន ស៊ីឡុត បច្ចុប្បន្ននេះកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ចំនួន៥០ ក្នុងនោះ៦ ជារោងចក្រធុនមធ្យម ដែលសមត្ថភាពផលិត៧០០០ តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ។ ចំណែក ៤៤ សហគ្រាសជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ ១ឆ្នាំនោះទេ។
យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា បានប៉ាន់ប្រមាណផ្ទៃដីដាំដុះស្វាយចន្ទីនៅកម្ពុជា មានចំនួន៧០ម៉ឺនហិកតា លើសការកត់ត្រារបស់ក្រសួងកសិកម្មដែលមានជាង៥៨ម៉ឺនហិកតា ដោយសារ ផ្ទៃដីដាំដុះថ្មីប្រមាណ១១% ក្រសួងមិនបានរាប់បញ្ចូលក្នុងទិន្នន័យនៅឡើយ។
របាយការណ៍ដដែល បានឱ្យដឹងផងដែរថា នៅឆ្នាំ២០២៤ កម្ពុជាសម្រេចការប្រមូលទិន្នន័យស្វាយចន្ទីឆៅសរុបចំនួន ៨៥ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅ ចំនួន៨១ ៥០០០តោន កើនឡើង២១% ទទួលបានថវិកាចំនួន ១ ១៥០លានដុល្លារ កើនឡើង ២៦.១៥%។ ដោយឡែកនាំចេញទៅវៀតណាម មានចំនួនជាង ៧៩ម៉ឺនតោន៕