(ហ្សឺណែវ)៖ ការនាំចេញមាសទៅកាន់សហរដ្ឋអាមេរិកពីមជ្ឈមណ្ឌលចម្រាញ់មាសដ៏សំខាន់របស់អឺរ៉ុបក្នុងប្រទេសស្វីសបានកើនឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ខណៈដែលពាណិជ្ជករបានព្យាយាមនាំយកមាសដុំទៅកាន់អាមេរិកមុនពេលមានវិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសស្វីសបាននាំចេញមាសចំនួន ៦៤,២តោនទៅកាន់សហរដ្ឋអាមេរិកក្នុងខែធ្នូ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២២។ បរិមាណនេះច្រើនជាងការនាំចេញកាលពីខែវិច្ឆិកាចំនួន ១១ដង និងមានតម្លៃជិត ៦ពាន់លានដុល្លារ។
តម្លៃមាសដែលជួញដូរក្នុងផ្សារជួញដូរមាសក្នុងកិច្ចសន្យាអនាគត Comex ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានកើនឡើងដល់កម្រិតខ្ពស់ជាងតម្លៃស្តង់ដារអន្តរជាតិក្នុងខែធ្នូ ដោយសារពាណិជ្ជករដែលភ័យខ្លាចវិធានការដំឡើងពន្ធរបស់អាមេរិក បានសម្រុកទិញមាសនិងបានចាប់ផ្តើមនាំចេញទៅកាន់ប្រទេសផ្សេងៗជុំវិញពិភពលោក។
ការនាំចេញមាសរបស់ប្រទេសស្វីសទៅកាន់ចក្រភពអង់គ្លេសបានកើនឡើងច្រើនជាង ១៣ដងដល់ ១៤តោនក្នុងខែធ្នូ ធៀបនឹងខែវិច្ឆិកា។ ទោះយ៉ាងណា ការនាំចេញមាសសរុបរបស់ប្រទេសស្វីសបានធ្លាក់ចុះ ៤,៥% មកនៅត្រឹម ១២៣តោនក្នុងខែធ្នូ ដែលជំរុញដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញមាសទៅកាន់ប្រទេសចិន និងឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕