(ភ្នំពេញ)៖ និធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញរបាយការណ៍ថ្មីមួយ ដោយព្យាករសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ថានឹងកើនឡើង៥.៨% ដែលបានគាំទ្រដោយវិស័យចម្បងៗ ដូចជាវិស័យទេសចរណ៍ និងការនាំចេញសម្លៀកបំពាក់ និងផលិតផលកសិកម្ម។
យោងតាមរបាយការណ៍នេះបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាបានបន្តស្ទុះងើបឡើងវិញ បើទោះបីជាមានល្បឿនយឺតជាងការរំពឹងទុកក៏ដោយ ដោយផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើងពី ៥.៥%នៅឆ្នាំ២០២៤ ដល់៥.៨% នៅឆ្នាំ២០២៥។
យ៉ាងនេះក្តី អតិផរណាត្រូវបានព្យាករថា នឹងកើនឡើងពី០.៥%នៅឆ្នាំ២០២៤ ដល់២% នៅឆ្នាំ ២០២៥ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន។
បើតាម IMF ការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រា ៥.៨%នេះ ដោយសារមានការគាំទ្រពីវិស័យសំខាន់ៗមួយចំនួនដូចជាការនាំចេញសម្លៀកបំពាក់ និងផលិតផលកសិកម្ម ព្រមទាំងការងើបវិញនៃវិស័យទេសចរណ៍ ខណៈវិស័យសំណង់ និងអចលនទ្រព្យកំពុងបន្តស្ថិតក្នុងភាពមិនប្រាកដប្រជានៅឡើយ ដោយការកើនឡើងនៃឥណទានមិនដំណើរការ និងបំណុលឯកជន។
ជាមួយគ្ននេះ IMF ក៏បានលើកឡើងផងដែរថា សេដ្ឋកិច្ចកម្ពុជាអាចងាយរងគ្រោះដោយសារតែលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចពិភពលោក ការប្តូរគោលនយោបាយរបស់ដៃគូពាណិជ្ជកម្មធំៗនៅលើពិភពលោក និងការបែងចែកភូមិសាស្ត្រនយោបាយដែលអាចនឹងផ្តល់ផលប៉ះដល់លំហូរពាណិជ្ជកម្ម និងការវិនិយោគពីបរទេស។
យ៉ាងនេះក្តី IMF បានផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីជំរុញឱ្យសេដ្ឋកិច្ចកម្ពុជានៅតែបន្តឆ្ពោះមុខ ដែលរួមមាន ការធ្វើកំណែទម្រង់លើគោលនយោបាយសារពើពន្ធ ការធ្វើឱ្យប្រសើរឡើងនូវការប្រមូលពន្ធ និងការលើកលែងពន្ធ ពិសេសបង្កើនប្រសិទ្ធភាពលើការចំណាយ និងពង្រឹងការគ្រប់គ្រងវិនិយោគសាធារណៈដែលជាធាតុផ្សំស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងភាពធន់ និងធានានូវស្ថិរភាពបំណុល រួមនឹងអនុសាសន៍មួយចំនួនទៀត។
គួរជម្រាបផងដែរថា យោងតាមការព្យាកររបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះ នឹងបន្តកើនឡើងក្នុងរង្វង់៦.៣%។ ជាមួយគ្នានេះផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗនៅឆ្នាំ២០២៥នេះ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២ ៩២៤ ដុល្លារ៕