(ភ្នំពេញ)៖ លោក ឡាំង មាំ នាយកនៃនាយកដ្ឋានឌីជីថល ធនាគារ May Bank និងជាអ្នកជំនាញបច្ចេកវិទ្យាឌីជីថល បានប្រាប់អំពីល្បិចឆបោកប្រាក់មួយចំនួនដែលជនល្មើសបានប្រើប្រាស់ ដើម្បីផ្តល់ជាសារដាស់តឿនដល់ពលរដ្ឋកម្ពុជា ប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងការខាតប្រាក់ផ្សេងៗ ខណៈបច្ចុប្បន្នពលរដ្ឋភាគច្រើននិយមទូទាត់ប្រាក់តាមរយៈ QR Code។
ថ្លែងក្នុងកម្មវិធី RESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលើកកម្ពស់ទំនុកចិត្តអតិថិជនលើការប្រើប្រាស់ Mobile Banking ឬធនាគារចល័ត» លោក ឡាំង មាំ បានឱ្យដឹងថា បច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជា ភាគច្រើនបានផ្លាស់ប្តូរការទូទាត់ប្រាក់ពីការបង់សាច់ប្រាក់ដោយផ្ទាល់ មកប្រើប្រាស់កម្មវិធី Mobile Bank App នៅលើទូរសព្ទ ឬទូទាត់ប្រាក់តាមរយៈ QR Code។ បើធៀបនៅក្នុងតំបន់អាស៊ាន កម្ពុជាប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់តាមរយៈ QR Code ច្រើនជាងគេ។
ស្របជាមួយនឹងការកើនឡើងនៃការទូទាត់តាមរយៈកម្មវិធីទូរសព្ទ ក៏មានបញ្ហាប្រឈមផងដែរ ដោយជនខិលខូចបានប្រើប្រាស់មធ្យោបាយច្រើនទម្រង់នៃការបោកប្រាស់។ ទម្រង់នៃការបោកបញ្ឆោតអាចធ្វើឡើង តាមរយៈ ការផ្ញើសារជាលីងវេបសាយទៅកាន់ជនរងគ្រោះ ហើយតម្រូវឱ្យជនរងគ្រោះបំពេញនូវព័ត៌មានផ្សេងទាក់ទងនឹងលេខសម្ងាត់ផ្សេងៗ។ បន្ថែមពីនេះ ជនល្មើសក៏បានប្រើប្រាស់វិធីផ្សេងទៀត ដូចជា យកស៊ីមកាតរបស់ជនរងគ្រោះដែលឈប់ប្រើហើយ មកប្រើប្រាស់ឡើងវិញ ដើម្បីទទួលបានលេខកូតសម្ងាត់ផ្សេងៗ ,ការតភ្ជាប់ wifi នៅតាមទីសាធារណៈ និងកេងបន្លំទៅលើ QR Code ជាដើម៕
សូមស្តាប់ការពន្យល់លម្អិត របស់ លោក ឡាំ មាំ៖