(វ៉ាស៊ីនតោន)៖ ប្រធានធនាគារពិភពលោកលោក អាចេ ប៊ែងហ្កា (Ajay Banga) បាននិយាយថា ការបង្កើនលទ្ធភាពទទួលបានអគ្គិសនី គឺជាគន្លឹះក្នុងការផ្តល់ផលលាភ ប្រជាសាស្រ្តនៅក្នុងទ្វីបអាហ្រ្វិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Banga បានដាក់ចេញផែនការដែលធនាគារពិភពលោក (WB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារអភិវឌ្ឍន៍អាហ្រ្វិក (AfDB) និងវិនិយោគិនឯកជននានាអាចចំណាយប្រាក់ប្រហែល ៨៥ពាន់លានដុល្លារដើម្បីនាំយកថាមពលជូនមនុស្ស ៣០០លាននាក់នៅឆ្នាំ ២០៣០។
ធនាគារពិភពលោកកំពុងជំរុញកម្មវិធីមួយ ដែលមានឈ្មោះថា Mission 300 ដែលកម្មវិធីនេះស្វែងរកការលុប បំបាត់ចោលឧបសគ្គដ៏ធំបំផុតមួយ របស់អនុតំបន់អាហ្រ្វិកសាហារ៉ាដើម្បីឈានទៅរកការរីកចម្រើន ពោលគឺជិតពាក់កណ្តាលនៃចំនួនប្រជាជនរបស់អនុតំបន់នេះ ឬស្មើនឹង ៥៧០លាននាក់មិនមានអគ្គិសនីប្រើប្រាស់។ កង្វះអគ្គិសនីនេះបានដាក់កម្រិតដល់ការអប់រំ រាំងស្ទះការបង្កើតការងារ និងកាត់បន្ថយផលិតភាព នៅក្នុងតំបន់មួយដែល ៧០% នៃប្រជាជនសរុបមានអាយុតិចជាង ៣០ឆ្នាំ។
លោក Banga បាននិយាយនៅក្នុងបទសម្ភាសមួយ នៅឯកិច្ចប្រជុំកំពូលថាមពលអាហ្រ្វិក Mission 300 នៅទីក្រុង Dar es Salaam រដ្ឋធានីនៃប្រទេសតង់ហ្សានីថា៖ «មនុស្សគ្រប់គ្នានិយាយថា នោះជាផលលាភប្រជាសាស្ត្រ ដែលនឹងត្រូវទទួលបានប្រសិនបើអ្នកផ្តល់ឱ្យពួកគេនូវខ្យល់អាកាសបរិសុទ្ធ ទឹកស្អាត សុខភាព ការអប់រំ និងចុងក្រោយគឺការងារ»។
លោកបានថ្លែងបន្តថា ប្រសិនបើមិនដូច្នេះទេ «អ្នកនឹងអាចមើលឃើញថា ក្នុងរយៈពេល ១០, ១២, ១៥ឆ្នាំខាងមុខ យុវជននឹងគ្មានសង្ឃឹម គ្មានសុទិដ្ឋិនិយម ដែលនឹងធ្វើឱ្យសង្គមប្រឈមនឹងបញ្ហាប្រឈម» ហើយពួកគាត់អាចធ្វើចំណាកស្រុក។
ស្ថិតក្រោមកម្មវិធីនេះ ធនាគារពិភពលោក ធនាគារ AfDB និងដៃគូផ្សេងទៀតគ្រោងនឹងផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទានសម្បទានដល់ប្រទេសនានានៅទ្វីបអាហ្វ្រិក។ ជាថ្នូរមកវិញ ពួកគេរំពឹងថា រដ្ឋាភិបាលដែលជាអ្នកទទួលផលនឹងផ្លាស់ប្តូរបទប្បញ្ញត្តិ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគឯកជន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕