(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថ្មីលោក Marco Rubio នៅថ្ងៃសុក្រសប្តាហ៍នេះបានជួបសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ដែលក្នុងនោះ លោកបានជំរុញឱ្យវៀតណាមដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ហើយក៏បានពិភាក្សាអំពីកង្វល់រួមគ្នាអំពីប្រទេសចិនផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកថា នៅក្នុងការជជែកតាមទូរស័ព្ទនេះដែលជាការសន្ទនាលើកដំបូងរវាងមន្ត្រីការទូតកំពូលទាំងពីរនៅក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រដ្ឋមន្ត្រីទាំងពីរបានសាទរចំពោះខួបលើកទី៣០ នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាម និងវឌ្ឍនភាពដែលធ្វើឡើងក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា៖ «លោករដ្ឋមន្ត្រីការបរទេសក៏បានពិភាក្សាអំពីការព្រួយបារម្ភក្នុងតំបន់រួមទាំងឥរិយាបថឈ្លានពានរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង»។ សេចក្តីប្រកាសដដែលបានបន្ថែមថា ខណៈពេលដែលលើកសរសើរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ លោក Rubio «បានលើកទឹកចិត្តវៀតណាមឱ្យដោះស្រាយអតុល្យភាពពាណិជ្ជកម្ម»។
តួលេខរបស់សហរដ្ឋអាមេរិកដែលចេញផ្សាយក្នុងខែនេះបានបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសវៀតណាមមានលើសពី ១១០ពាន់លានដុល្លារក្នុងរយៈពេល ១១ខែដំបូងក្នុងឆ្នាំ២០២៤ ខណៈពេលដែលការនាំចេញពីវៀតណាមដែលជាមជ្ឈមណ្ឌលឧស្សាហកម្មអាស៊ីអាគ្នេយ៍បានកើនឡើងក្នុងគ្រាដែលមានការធ្លាក់ចុះតម្លៃរូបិយប័ណ្ណធៀបនឹងប្រាក់ដុល្លារ។
ទោះបីជាវៀតណាមបានក្លាយជាដៃគូសន្តិសុខដ៏សំខាន់របស់សហរដ្ឋអាមេរិកក៏ដោយ ក៏ឱនភាពពាណិជ្ជកម្មដ៏ធំត្រូវបានអ្នកវិភាគមើលឃើញថាជាហានិភ័យដ៏សំខាន់សម្រាប់វៀតណាមដែលពឹងផ្អែកលើការនាំចេញក្នុងគ្រាដែលមានការគំរាមកំហែងពីលោក ត្រាំ អំពីពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិក។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ទិន្នន័យរបស់សហរដ្ឋអាមេរិកចាប់ពីខែនេះបានបង្ហាញ ឱនភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយប្រទេសវៀតណាមបានកើនឡើងជិត ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការណ៍នេះបញ្ជាក់ថា ប្រទេសដែលគ្រប់គ្រងដោយកុម្មុយនិស្តមួយនេះមានអតិរេកពាណិជ្ជកម្មខ្ពស់បំផុតទីបួនជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសចិន សហភាពអឺរ៉ុប និងម៉ិកស៊ិក៕