(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កើនការគំរាមកំហែងដកហូតពន្ធគយរបស់គាត់ ដោយរួមបញ្ចូលទាំងប្រទេសចិននិងសហភាពអឺរ៉ុបថែមទៀតនៅថ្ងៃទីពីរនៃការចូលកាន់តំណែងបន្ទាប់ពីគំរាមប្រទេសកាណាដា និងម៉ិកស៊ិកនៅថ្ងៃទីមួយ។ នេះបើយោងទាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ស្ដីរបស់លោក ត្រាំ ខណៈថ្លែងក្នុងកម្មវិធីមួយនៅឯសេតវិមានកាលពីថ្ងៃអង្គារដោយបានបញ្ជាក់នៅថ្ងៃទី១ ខែកុម្ភៈថាជាថ្ងៃដែលអាចចាត់វិធានការដកហូតពន្ធគយថា៖ «យើងកំពុងនិយាយអំពីពន្ធ ១០% លើប្រទេសចិនដោយផ្អែកលើការពិតដែលថា ពួកគេកំពុងបញ្ជូនសារធាតុហ្វែនតានីល (fentanyl) ទៅកាន់ប្រទេសម៉ិកស៊ិកនិងកាណាដា»។

លោក ត្រាំ បានប្រសាសន៍ថា៖ «ប្រទេសផ្សេងទៀតក៏ជាអ្នកបំពានដ៏ធំផងដែរ។ អ្នកដឹងថា វាមិនមែនត្រឹមតែប្រទេសចិនទេ»។ លោកបានបន្ថែមថា៖ «យើងមានឱនភាព ៣៥០ពាន់លានដុល្លារជាមួយសហភាពអឺរ៉ុប។ ពួកគេចាត់ទុកយើងយ៉ាងអាក្រក់ ដូច្នេះពួកគេនឹងចូលទៅក្នុងការដកហូតពន្ធគយ»។

ការគំរាមកំហែងទាំងនេះបានបន្ទលើកឡើងនៅក្នុងពេញមួយយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ និងចាប់តាំងពីទទួលបានជ័យជម្នះនៅថ្ងៃទី៥ ខែវិច្ឆិកា។ ប៉ុន្តែសកម្មភាពជាក់ស្តែងតែមួយគត់ដែលបានធ្វើឡើងរហូតមកដល់ពេលនេះគឺការអំពាវនាវឱ្យមានការពិនិត្យមើលឡើងវិញលើការអនុវត្តពាណិជ្ជកម្មដែលនឹងដល់ថ្ងៃទី១ ខែមេសា ដែលអាចផ្តល់ពេលវេលាដល់ប្រទេសចិន និងប្រទេសដទៃទៀតជិត ១០សប្តាហ៍ដើម្បីបញ្ចៀសការដកហូតពន្ធគយថ្មី ឬដោះស្រាយទៅតាមការទាមទាររបស់គាត់។

រដ្ឋាភិបាលរបស់ប្រទេសចិនបានបញ្ជាក់ជាថ្មីពីការប្រឆាំងរបស់ពួកគេចំពោះពន្ធគយ ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី ម៉ៅ នីង (Mao Ning) បាននិយាយកាលពីថ្ងៃពុធថា មិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មទេ។ អ្នកស្រីបានបន្ថែមថា ប្រទេសចិននឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន។

កាលពីថ្ងៃអង្គារ ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang បាននិយាយថា ប្រទេសចិននឹងបង្កើនការនាំចូលរបស់ខ្លួន ដោយនិយាយថា ប្រទេសចិនមិនបានស្វែងរក «អតិរេកពាណិជ្ជកម្ម» នោះទេ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា មនុស្សដែលបានដឹងពីកិច្ចពិភាក្សារបស់លោក ត្រាំ អំពីប្រទេសចិនបាននិយាយថា គាត់ចាប់អារម្មណ៍ក្នុងការបើកការចរចាជាមួយប្រទេសចិន៕