(ព្រុចស៊ែល)៖ ក្រុមហ៊ុន Facebook, X, YouTube និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត បានព្រមព្រៀងធ្វើកិច្ចការបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងពាក្យសម្តីស្អប់ខ្ពើម នៅលើប្រព័ន្ធអនឡាញ ស្ថិតក្រោមច្បាប់ ដែលបានធ្វើបច្ចុប្បន្នភាព ដែលឥឡូវនេះនឹងត្រូវបញ្ចូលទៅក្នុងច្បាប់បច្ចេកវិទ្យា របស់សហភាពអឺរ៉ុប។ នេះបើតាមការបញ្ជាក់ពីគណៈកម្មការអឺរ៉ុប នាថ្ងៃចន្ទ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
ហត្ថលេខីផ្សេងទៀត ចំពោះច្បាប់ស្ម័គ្រចិត្ត ដែលបានបង្កើតឡើង ក្នុងខែឧសភា ឆ្នាំ២០១៦ មានដូចជា៖ ក្រុមហ៊ុន Dailymotion, Instagram, Jeuxvideo.com, LinkedIn, Microsoft hosted consumer services, Snapchat, Rakuten Viber, TikTok និង Twitch។
«នៅអឺរ៉ុបគ្មានកន្លែងសម្រាប់ការស្អប់ខ្ពើមខុសច្បាប់, មិនថានៅក្រៅប្រព័ន្ធអនឡាញ ឬលើអនឡាញទេ។ ខ្ញុំសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធ ចំពោះច្បាប់ដែលត្រូវបានពង្រឹង ស្ថិតក្រោមច្បាប់ Digital Services Act (DSA)»។ នេះបើតាមសម្តីស្នងការបច្ចេកវិទ្យាសហភាពអឺរ៉ុប លោកស្រី Henna Virkkunen បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
DSA តម្រូវឱ្យបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងមាតិកាខុសច្បាប់ និងគ្រោះថ្នាក់ នៅលើវេទិការបស់ពួកគេ៕