(វ៉ាស៊ីនតោន)៖ លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីចុងសប្តាហ៍មុនថា ធនាគារកណ្តាលជប៉ុនត្រូវបានរំពឹងថានឹងដំឡើងអត្រាការប្រាក់ពីរដងក្នុងឆ្នាំ ២០២៥ និងពីរដងទៀតនៅឆ្នាំ២០២៦។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ស្ដីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់មូលនិធិ IMF ថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងកើនឡើង ១,១ភាគរយនៅឆ្នាំ២០២៥ ដោយធ្លាក់ចុះនៅឆ្នាំ២០២៦ មកនៅត្រឹម ០,៨ភាគរយ ពោលគឺដូចគ្នាទៅនឹងការព្យាករខែតុលា។

លោក Gourinchas បានមានប្រសាសន៍ថា៖ «យើងរំពឹងថា ធនាគារកណ្តាលជប៉ុននឹងមានការដំឡើងអត្រាការប្រាក់ពីរដងទៀតនៅឆ្នាំ២០២៥ និងពីរដងបន្ថែមទៀតនៅឆ្នាំ២០២៦»។

លោកបានបន្ថែមថា ការរឹតបន្តឹងជាសន្សឹមៗអាចនឹងធ្វើឡើង ហើយនឹងធានាថា សេដ្ឋកិច្ចអាចសម្រេចបានតាមគោលដៅអតិផរណារបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕