(បាងកក)៖ ប្រទេសថៃ និងអារ៉ាប៊ីសាអូឌីតបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងមានបំណងបង្កើតទឹកប្រាក់វិនិយោគជាង ៣,៥ពាន់លានដុល្លារអាមេរិកពីសេដ្ឋកិច្ចបៃតង កសិកម្ម និងឧស្សាហកម្មសេវាកម្ម។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លើកឡើងនេះបានធ្វើឡើងកាលពីចុងសប្តាហ៍មុនដោយរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Maris Sangiampongsa នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលរវាងប្រទេសថៃននិងអារ៉ាប៊ីសាអូឌីត (STCC) ដែលលោកធ្វើជាសហប្រធានជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់ Faisal bin Farhan Al Saud។

លោក Maris ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ខណៈថ្លែងថា ក្រុមប្រឹក្សា STCC ត្រូវបានបង្កើតឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកិច្ចការនយោបាយនិងកិច្ចការកុងស៊ុល សន្តិសុខ និងកិច្ចសហប្រតិបត្តិការយោធា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាវប្បធម៌និងទេសចរណ៍។

លោក Maris បានថ្លែងថា ជំនួបនេះផ្តើមចេញពីការពិភាក្សារវាងអតីតនាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន និងនាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud ក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការអាស៊ាន-ឈូងសមុទ្រពែក្ស (GCC) ក្នុងឆ្នាំ២០២៣។

វាគឺជាផ្នែកមួយនៃការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីបន្ទាប់ពីការស្តារឡើងវិញនូវទំនាក់ទំនងការទូតនៅឆ្នាំ២០២២។ កិច្ចប្រជុំនេះបានគ្របដណ្តប់លើគម្រោងកិច្ចសហប្រតិបត្តិការជាង ៧០ នៅទូទាំងយ៉ាងហោចណាស់ ៧០វិស័យដែលស្ថិតនៅក្រោមគណៈកម្មាធិការចំនួន៥។

ភាពជាដៃគូនេះត្រូវបានរំពឹងថានឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរជាមួយនឹងតម្លៃពាណិជ្ជកម្មប្រមាណ ៣,៥ពាន់លានដុល្លារពីឧស្សាហកម្មនានារួមទាំងសេវាកម្ម សេដ្ឋកិច្ចបៃតង និងកសិកម្ម។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕